កាលពីថ្ងៃទី២ ខែមករា ប្រទេសអារ៉ាប៊ីសាអូឌីត បានប្រកាសជាផ្លូវការថា ប្រទេសរបស់ខ្លួនបានចូលរួមជាសមាជិកជាមួយអង្គការអន្តររដ្ឋាភិបាល BRICS+ ហើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន RT ។
ទីក្រុងរីយ៉ាដបានធ្វើការចរចារលើការចូលជាសមាជិកក្រុមនេះអស់ជាច្រើនខែ ខណៈរដ្ឋមន្ត្រីការបរទេសព្រះអង្គម្ចាស់ Faisal bin Farhan បានមានបន្ទូលកាលពីខែសីហាឆ្នាំមុនថា ព័ត៌មានលម្អិតទាំងអស់អំពីការផ្លាស់ប្តូរនេះ នឹងត្រូវបានវាយតម្លៃមុនពេលការសម្រេចចិត្តត្រូវបានធ្វើឡើង ហើយទ្រង់ក៏មានបន្ទូលបន្ថែមទៀតថា ក្រុម BRICS គឺជាបណ្តាញដ៏មានអត្ថប្រយោជន៍ និងមានសារៈសំខាន់សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសជាសមាជិក។
ក្រុម BRICS ដែលដើមឡើយមានសមាជិកដូចជាប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូងនោះ កាលពីថ្ងៃចូលឆ្នាំថ្មីក្រុមនេះបានស្វាគមន៍សមាជិកថ្មីចំនួន ៥ប្រទេសទៀត ខណៈក្នុងនោះមិនមែនមានត្រឹមតែការចូលរួមពីប្រទេសអារ៉ាប៊ីសាអូឌីតប៉ុណ្ណោះទេ តែក៏មានការចូលរួម ៤ប្រទេសបន្ថែមទៀតផងដែរដូចជាអេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអារ៉ាប់រួម ដែលនាំឲ្យសមាជិកក្រុមនេះកើនឡើងដល់ទៅ ១០ប្រទេស។
មិនត្រឹមតែប៉ុណ្ណោះ BRICS ត្រូវបានគេរំពឹងថា នឹងកើនឡើងសមាជិកកាន់តែច្រើននៅចុងឆ្នាំ២០២៤ ដោយប្រទេសវេណេហ្ស៊ុយអេឡាចង់ក្លាយជាសមាជិកអចិន្ត្រៃយ៍ ក្នុងកិច្ចប្រជុំកំពូលបន្ទាប់នៅប្រទេសរុស្ស៊ីនាខែតុលា ឆ្នាំ២០២៤ខាងមុខ។
ដោយឡែកនៅឆ្នាំនេះ ទីក្រុងមូស្គូកាន់តំណែងជាប្រធានប្តូរវេនរយៈពេលមួយឆ្នាំ ដោយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានសន្យាថានឹងសម្របសម្រួលការធ្វើសមាហរណកម្មប្រកបដោយសុខដុមរមនាជាមួយដៃគូថ្មី។ បន្ថែមពីនោះ លោកពូទីន បានកត់សម្គាល់ថាប្រទេសចំនួន ៣០ផ្សេងទៀត បានបង្ហាញពីចេតនារបស់ពួកគេរួចហើយ ក្នុងការចូលរួមសកម្មភាពផ្សេងៗរបស់ក្រុមនេះ។
គួរជម្រាបថា បើយោងតាមតួលេខរបស់ IMF បានបង្ហាញថា បច្ចុបន្នក្រុម BRICS បានវ៉ាដាច់ក្រុម G7 ហើយបើគិតពី GDP សរុប ពោលគឺស្មើនឹង៣៦% នៃចំនួនសរុបរបស់ពិភពលោក៕