មហាសេដ្ឋីប្រេស៊ីល លោក Marcel Herrmann Telles បានប្រកាសផ្ទេរភាគហ៊ុននៃក្រុមហ៊ុនផលិតស្រាបៀរធំបំផុតលើលោក Anheuser-Bush InBev SA ឬគេស្គាល់ថាក្រុមហ៊ុន AB InBev ទៅកាន់កូនប្រុសពៅ លោក Max Van Hoegaerden Herrmann ក្នុងទំហំទឹកប្រាក់ប្រមាណ ៦,១ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Fortune។
យោងតាមឯកសារមួយដែលបានផ្ញើរទៅកាន់គណៈកម្មាការមូលបត្រ បានបង្ហាញថា ការផ្ទេរភាគហ៊ុនបានកើតមានតាំងពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ហើយលោក Max មិនត្រឹមតែទទួលបានភាគហ៊ុនតម្លៃរាប់ពាន់លានដុល្លារឡើយ លោកថែមទាំងសិទ្ធបោះឆ្នោតសម្រេចនៅក្នុងក្រុមហ៊ុនថែមទៀត។
រំលឹកបន្តិចថា ក្រុមហ៊ុន AB InBev គឺជាក្រុមហ៊ុនផលិតស្រាបៀរធំបំផុតលើលោក ដែលផលិតស្រាបៀរម៉ាក BudLight និង Stella Artois ហើយមានក្ដីរំពឹងទុកថា វត្តមានរបស់ម្ចាស់ភាគហ៊ុនថ្មី នឹងជួយឲ្យក្រុមហ៊ុនកាន់តែរីកចម្រើនមួយកម្រិតថែមទៀត។
ជម្រាបបន្ថែមថា មួយរយៈចុងក្រោយនេះ មិនមែនតែមហាសេដ្ឋីប្រេស៊ីលឡើយដែលកំពុងរៀបចំផែនការបន្តវេនដល់អ្នកជំនាន់ក្រោយ ពោលមហាសេដ្ឋីនៅតំបន់អឺរ៉ុបជាច្រើនក៏កំពុងធ្វើបែបនេះដូចគ្នា ដោយចាប់ផ្ដើមផ្ទេរភាគហ៊ុន និងមរតកជាច្រើនដល់អ្នកបន្តវេនជាបន្តបន្ទាប់៕