ប្រធានសកលវិទ្យាល័យ Harvard ប្រកាសលាលែងចេញពីតំណែង

អន្តរជាតិ

ប្រធានសកលវិទ្យាល័យ Harvard លោកស្រី Claudine Gay បានប្រកាសលាលែងចេញពីតំណែងកាលពីថ្ងៃអង្គារ ទី២ ខែមករា បន្ទាប់ពីទទួលរងការរិះគន់យ៉ាងខ្លាំង ចំពោះការលួចចម្លង និងការរើសអើងពូជសាសន៍ទាក់ទងទៅនឹងពួកសកម្មជនប្រឆាំងជនជាតិ​ជ្វីហ្វ​ នៅក្នុងបរិវេណសាលា ចំពេលកំពុងមានជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី Gay ត្រូវ​បាន​គេ​រិះគន់​យ៉ាងខ្លាំង ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ បន្ទាប់​ពី​មាន​របាយការណ៍លេច​ឡើង​ដោយ​ចោទ​ថា​លោកស្រី ​មិន​បាន​ដកស្រង់​ប្រភព​អ្នក​ប្រាជ្ញ​ឲ្យបានត្រឹមត្រូវ ដោយការចោទប្រកាន់នេះ ត្រូវបានចេញផ្សាយដោយក្រុមអនាមិកនៅក្នុងបណ្តាញអនឡាញរបស់ពួកអភិរក្សនិយមមួយ។

ទន្ទឹមនេះ លោកស្រី Gay ក៏បានធ្លាក់ចូលទៅក្នុងរឿងអាស្រូវផងដែរ ដោយសារតែលោកស្រីបដិសេធមិននិយាយច្បាស់លាស់ ចំពោះការបង្ហោះសាររើសអើង​និង​​បង្ក​ឲ្យមាន​ហេតុ​ឆ្ពោះទៅ​រក​​​អំពើ​ប្រល័យ​ពូជ​សាសន៍​​ដោយសារ​ជម្លោះ​រវាង​អ៊ីស្រាអែល​និង​ក្រុមហាម៉ាស​ប៉ាឡេស្ទីន ក្នុងអំឡុងពេលផ្តល់សក្ខីកម្មទៅកាន់សភា កាលពីខែមុន ដែលនេះគឺជាការបំពានក្រមសីលធម៌របស់សកលវិទ្យាល័យ Harvard។

ក្រោយកើតរឿងនេះ សមាជិកសភាជាង ៧០ នាក់ រួមទាំងអ្នកប្រជាធិបតេយ្យពីរនាក់ បានអំពាវនាវឲ្យលោកស្រី Gay លាលែងពីតំណែង ខណៈពេលដែលអតីតនិស្សិត និងម្ចាស់ជំនួយធំៗ នៅសាកលវិទ្យាល័យ Harvard មួយចំនួនក៏បានអំពាវនាវឲ្យលោកស្រីចាកចេញពីតំណែងនេះផងដែរ។

លោកស្រី Gay ដែលជាជនជាតិស្បែកខ្មៅដំបូងគេធ្វើជាប្រធានសាកលវិទ្យាល័យកំពូល នៅក្នុងទីក្រុងខេមប្រ៊ីដ រដ្ឋម៉ាសាឈូសេត បាននិយាយនៅក្នុងលិខិតលាលែងពីតំណែងរបស់ខ្លួនថា លោកស្រីត្រូវបង្ខំចិត្តធ្វើបែបនេះ បន្ទាប់ពីទទួលរងនូវការគំរាមកំហែងផ្ទាល់ខ្លួន និង ការរើសអើងជាតិសាសន៍ធ្ងន់ធ្ងរ។

ជម្រាបជូនផងដែរថា នៅសហរដ្ឋអាមេរិក ភាពចម្រូងចម្រាសទៅនឹងពួកសកម្មជនប្រឆាំងជនជាតិ​ជ្វីហ្វក្នុងបរិវេណសាលាបានកើនឡើងយ៉ាងខ្លាំង ចំពេលមានការវាយប្រហារ និងសាររិះគន់ទៅលើជនជាតិជ្វិហ្វ និងមូស្លីម រួមទាំងនៅតាមសាកលវិទ្យាល័យផ្សេងទៀតក្នុងសហរដ្ឋអាមេរិកផងដែរ ចាប់តាំងពីសង្រ្គាមអ៊ីស្រាអែល-ហាម៉ាសបានផ្ទុះឡើង៕