ការប្រកាសក្ស័យធនរបស់ក្រុមហ៊ុនអាមេរិកនៅក្នុងឆ្នាំ២០២៣ មានការកើនឡើងរហូតដល់ទៅ ១៨% បើធៀបនឹងឆ្នាំ២០២២ ដោយសារអត្រាការប្រាក់ខ្ពស់ ការផ្ដល់ប្រាក់កម្ចីមានភាពតឹងតែង និងចំហាយសេសសល់ពីវិបត្តិជំងឺរាតត្បាត នៅមិនទាន់ដោះស្រាយរួចរាល់នៅឡើយ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា អត្រាសរុបនៃការប្រកាសក្ស័យធនរបស់ក្រុមហ៊ុនអាមេរិក ក្នុងឆ្នាំ២០២៣ មានចំនួន ៤៤៥ ១៨៦ក្រុមហ៊ុន បានកើនឡើងពី ៣៧៨ ៣៩០ក្រុមហ៊ុនកាលពីឆ្នាំ២០២២។

ការប្រកាសក្ស័យធនរបស់ក្រុមហ៊ុនអាមេរិក ត្រូវបានគេរំពឹងថា នឹងអាចបន្តកើតមានទៀតនៅឆ្នាំ២០២៤ ប៉ុន្តែតួលេខខាងលើនេះ ត្រូវបានគេអះអាងថា មានតិចតួចជាងកាលពីឆ្នាំ២០១៩ ដែលមានក្រុមហ៊ុនប្រកាសក្ស័យធនរហូតដល់ ៧៥៧ ៨១៦ក្រុមហ៊ុនឯណោះ។
គួររំលឹកបន្តិចថា លក្ខខណ្ឌក្នុងការខ្ចីប្រាក់ពីធនាគារ សម្រាប់ក្រុមហ៊ុននីមួយៗ គឺត្រូវបានរឹតបន្តឹងជាខ្លាំងក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ ដោយសារតែធនាគារកណ្ដាលបានដំឡើងការប្រាក់ខ្ពស់ខ្លាំង ដើម្បីទប់ស្កាត់វិបត្តិអតិផរណា ប៉ុន្តែវាបានធ្វើឲ្យក្រុមហ៊ុនជាច្រើនជួបហានិភ័យ ដោយសារតែការប្រាក់ធនាគារមានកម្រិតខ្ពស់ខ្លាំងពេក និងពិបាកក្នុងការខ្ចីប្រាក់បន្ថែម៕