កូរ៉េខាងត្បូងសម្លឹងឃើញកូនស្រីលោកគីម ជុងអ៊ុន ជាបេក្ខភាពបន្តវេនពីឪពុក

អន្តរជាតិ

ទីភ្នាក់ងារចារកម្មរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កូនស្រីវ័យក្មេងរបស់លោក គីម ជុងអ៊ុន ត្រូវបានគេមើលឃើញថា នឹងក្លាយជាបេក្ខភាពស្នងតំណែងជាមេដឹកនាំថ្មីនាពេលអនាគតនៃប្រទេសកូរ៉េខាងជើង។ នេះបើតាមការដកស្រង់ពីប្រភពសារព័ត៌មាន AP ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចាប់តាំងពីក្មេងស្រីដែលមានអាយុប្រហែល ១០ឆ្នាំ និងមានឈ្មោះថា Kim Ju Ae បានបង្ហាញខ្លួនជាសាធារណៈលើកដំបូងកាលពីខែវិច្ឆិកា ឆ្នាំ២០២២ នៅពេលដែលរូបនាងបានទៅទស្សនា ការបាញ់សាកល្បងកាំជ្រួចរយៈចម្ងាយឆ្ងាយ ជាមួយឪពុករបស់ខ្លួនគឺលោក គីម ជុងអ៊ុន ហើយក្រោយមកក៏មានការដេញដោលគ្នាយ៉ាងច្រើន ពាក់ព័ន្ធនឹងរឿងស្នងតំណែងនៃប្រទេសកូរ៉េខាងជើង។

ចាប់តាំងពីពេលនោះមក ក្មេងស្រី Ju Ae បានអមដំណើរឪពុករបស់ខ្លួនទៅកាន់ព្រឹត្តិការណ៍សាធារណៈធំៗជាច្រើន ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានហៅនាងថា កូនជាទីស្រឡាញ់ ឬ កូនជាទីគោរពរបស់លោកគីម ដែលនេះក៏ដោយសារតែលោកគីម និងកូនស្រីរបស់លោកគឺ Ju Ae មានភាពស្និទ្ធស្នាលជាមួយគ្នាយ៉ាងខ្លាំង តួយ៉ាងដូចជានៅពិធីឆ្លងឆ្នាំសកល នាពហុកីឡាដ្ឋានក្រុងព្យុងយ៉ាងកាលពីថ្ងៃអាទិត្យ ដោយលោក គីម ជុងអ៊ុន និងកូនស្រីបានថើបថ្ពាល់គ្នាទៅវិញទៅមក។

ឈុតឆាកនៃភាពស្និទ្ធស្នាលនៃឪពុកកូនទាំងពីរនាក់ ហាកបីដូចជារឿងនឹកស្មានមិនដល់នៅក្នុងប្រទេសកូរ៉េខាងជើង ដ្បិតអីមេដឹកនាំរូបនេះជាមនុស្សដែលរឹងប៉ឹង ម៉ឺងម៉ាត់ ដែលប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ចាត់ទុកគាត់ដូចជាព្រះ។

មិនត្រឹមតែប៉ុណ្ណោះ ទីភ្នាក់ងារចារកម្មសំខាន់របស់ប្រទេសកូរ៉េខាងត្បូង ក៏ដូចជាសេវាស៊ើបការសម្ងាត់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្មេងស្រី Kim Ju Ae ទំនងជាអ្នកស្នងតំណែងបន្តពីឪពុកនាង ដោយលើកឡើងនូវការវិភាគស៊ីជម្រៅអំពីសកម្មភាពដែលនាងបានបង្ហាញខ្លួនជាសាធារណៈជាច្រើនលើកជាច្រើនសារជាមួយឪពុក ក៏ដូចជាពិធីសាររបស់រដ្ឋដែលបានផ្តល់ឲ្យក្មេងស្រីរូបនេះផងដែរ។

តែយ៉ាងណា ការិយាល័យកិច្ចការសាធារណៈ NIS បានប្រាប់សារព័ត៌មាន The Associated Press ថាខ្លួននៅតែពិចារណាលើលទ្ធភាពទាំងអស់ទាក់ទងនឹងដំណើរការ ស្នងអំណាចរបស់អនាគតមេដឹកនាំកូរ៉េខាងជើង ដោយសារលោក គីម បច្ចុន្នមិនមានបញ្ហាសុខភាពធំដុំទេ ហើយលោកមានអាយុប្រហែល ៤០ឆ្នាំដែលជាវ័យមួយនៅសល់ពេលវែងឆ្ងាយក្នុងវិថីនយោបាយ។

ម្យ៉ាងវិញទៀត ចាប់តាំងពីការបង្កើតប្រទេសឡើងមកក្នុងឆ្នាំ១៩៤៨ ប្រទេសកូរ៉េខាងជើងបានគ្របគ្រងជាបន្តបន្ទាប់ដោយសមាជិកបុរសនៃត្រកូលគ្រួសារគីមតែមួយគត់ ក្នុងនោះលោក គីម ជុងអ៊ុន បានទទួលអំណាចបន្តពីឪពុករបស់ខ្លួនគឺលោក គីម ជុងអ៊ីល ខណៈលោក គីម ជុងអ៊ីល បានឡើងកាន់អំណាចបន្ទាប់ពីឪពុកនិងក៏ជាស្ថាបនិករដ្ឋលោក គីម អ៊ីស៊ុង។

សូមជម្រាបដែរថា តាមដំណឹងពីសារព័ត៌មានផ្សេងៗមួយចំនួនបានលើកឡើងថា បច្ចុបន្ននេះមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងភរិយាលោកស្រី Ri Sol Ju អ្នកទាំងពីរមានកូនចំនួន ៣នាក់ដោយក្នុងនោះមានកូនស្រីឈ្មោះ Kim Ju Ae ជាកូនកណ្តាល ខណៈកូនពីរនាក់ទៀតមិនមានព័ត៌មានបញ្ជាក់លម្អឹតឡើយ ត្រឹមដឹងថាមានកូនប្រុសជាកូនច្បង៕