​ជប៉ុន នឹងទាញយកថវិកាបម្រុងជាង ៣០លានដុល្លារ ដើម្បីឆ្លើយតបទៅនឹងគ្រោះរញ្ជួយដីធ្ងន់ធ្ងរ

អន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយនៅថ្ងៃសុក្រ ទី៥ ខែមករានេះថា រដ្ឋាភិបាលរបស់ខ្លួននឹងទាញយកថវិកាបម្រុងចំនួន ៤,៧៤ពាន់លានយ៉េន (៣២,៧លានដុល្លារ) ដើម្បីរ៉ាប់រងការខូចខាតដោយសារតែគ្រោះមហន្តរាយរញ្ជួយដីធ្ងន់ធ្ងរ ជាពិសេសខេត្ត Ishikawa ដែលរងគ្រោះខ្លាំងជាងគេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Kishida បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ គឺលោក Shunichi Suzuki បន្តនូវជំហានចាំបាច់ ដើម្បីបង្កើនថវិកាបម្រុង ដើម្បីដោះស្រាយក្នុងគ្រោះធម្មជាតិនេះ ខណ:ពេលដែលផ្ទះសម្បែងរបស់ប្រជាជន ហាងលក់ទំនិញ ផ្លូវ និងទ្រព្យសម្បត្តិផ្សេងទៀត ត្រូវបានរងការខូតខាត។

គួរឲ្យដឹងថាកាលពីថ្ងៃព្រហស្បតិ៍ លោក Kishida បាននិយាយថា គណៈរដ្ឋមន្ត្រី នឹងធ្វើការអនុម័តការផ្តល់មូលនិធិសង្គ្រោះបន្ទាន់ នៅសប្តាហ៍ក្រោយ នៅពេលដែលរដ្ឋាភិបាលរបស់លោក បានចាត់វិធានការដើម្បីដោះស្រាយបន្ទាប់ពីគ្រោះរញ្ជួយដីធ្ងន់ធ្ងរក្នុងកម្រិត ៧,៦ រ៉ិចទ័រ ដែលបានកើតឡើងកាលពីថ្ងៃទី១ ខែមករា ដើមឆ្នាំ ២០២៤ នេះ។

ជម្រាបជូនផងដែរថា គិតត្រឹមថ្ងៃទី៤ ខែមករា មនុស្សយ៉ាងហោចណាស់ ៧៤នាក់ ត្រូវបានរាយការណ៍ថា បានបាត់បង់ជីវិត និងមានអ្នករបួសជាច្រើនរយនាក់ទៀត ខណ:នៅក្នុងខេត្ត Ishikawa មនុស្សប្រមាណ ៣ ៣០០នាក់ ត្រូវបានជម្លៀសចេញ ស្របពេលផ្ទះចំនួន ៣០ ០០០ ខ្នងគ្មានអគ្គិសនីប្រើប្រាស់៕