ឥណ្ឌូនេស៊ី ដាក់គោលដៅនាំចេញទំនិញទៅកាន់ចិន ច្រើនជាង ៦៥ពាន់លានដុល្លារ នៅឆ្នាំនេះ

អន្តរជាតិ

អគ្គនាយកនៃការអភិវឌ្ឍការនាំចេញជាតិស្ថិតក្រោមក្រសួងពាណិជ្ជកម្ម លោក Didi Sumedi បាននិយាយថា រដ្ឋាភិបាលឥណ្ឌូនេស៊ី កំពុងធ្វើការកំណត់គោលដៅនាំចេញទំនិញទៅកាន់ប្រទេសចិន ក្នុងរង្វង់ ៦៥ពាន់លានដុល្លារ ទៅ ៧០ពាន់លានដុល្លារ នៅឆ្នាំ ២០២៤ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Didi បានិយាយទៀតថា ការនាំចេញសរុបរបស់ឥណ្ឌូនេស៊ី ទៅកាន់ប្រទេសចិន ក្នុងអំឡុងខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ មានចំនួនសរុបប្រមាណ ៥៦,៥៧ពាន់លានដុល្លារ ខណ:តម្លៃនៃការនាំចេញពេញមួយឆ្នាំ ត្រូវបានព្យាករថានឹងកើនឡើងដល់ប្រហែល ៦០ពាន់លានដុល្លារ។

មន្ត្រីរដ្ឋាភិបាលរូបនេះ ក៏បានកត់សម្គាល់ទៀតផងដែរថា ប្រសិនបើកំណើននៃការនាំចេញជាមធ្យមមានចំនួន ២,៥% ក្នុងឆ្នាំ ២០២៤ នេះ នោះការនាំចេញរបស់ឥណ្ឌូនេស៊ី ទៅកាន់ប្រទេសចិនអាចមានចន្លោះពី ៦៥ពាន់លានដុល្លារ ទៅ ៧០ពាន់លានដុល្លារ មិនខាន។

ជម្រាបជូនផងដែរថា ក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី បានរៀបចំកម្មវិធីជាច្រើន ដើម្បីធ្វើការជំរុញការនាំចេញទៅកាន់ប្រទេសចិន ក្នុងឆ្នាំ ២០២៤ នេះ រួមទាំងការប្រារព្ធពិធីតាំងពិពណ៌ផលិតផលឥណ្ឌូនេស៊ី នៅក្នុងខេត្តមួយចំនួនរបស់ចិនផងដែរ៕