អ្នកមានបំផុតនៅវៀតណាម ឡើងកាន់តំណែងជា CEO ថ្មីរបស់ក្រុមហ៊ុន VinFast

អន្តរជាតិ

មហាសេដ្ឋីវៀតណាម និងជាប្រធានក្រុមហ៊ុន Vingroup លោក Pham Nhat Vuong បានចូលកាន់តំណែងជានាយកប្រតិបត្តិថ្មីនៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast ដោយជំនួសលោកស្រី Le Thi Thu Thuy ដែលនឹងក្លាយជាប្រធានក្រុមហ៊ុនជំនួសវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ទី៦ ខែមករាកន្លងទៅ ក្រុមហ៊ុន VinFast បានប្រកាសថា នាយកហិរញ្ញវត្ថុថ្មី​ គឺលោកស្រី Nguyen Thi Lan Anh ក៏ត្រូវបានតែងតាំងជំនួស លោក David Mansfield ផងដែរ។

សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សវៀតណាម បានបន្ថែមទៀតថា ក្នុងនាមជានាយកប្រតិបត្តិ លោក Pham Nhat Vuong នឹងគ្រប់គ្រងដោយផ្ទាល់នូវសកម្មភាពប្រតិបត្តិការ រួមទាំងការផលិតជាសកល ការលក់ និងយុទ្ធសាស្រ្តទីផ្សាររបស់ក្រុមហ៊ុន។

គួរឲ្យដឹងថា លោក Vuong បានក្លាយជាប្រធានក្រុមហ៊ុន VinFast នៅខែមីនា ឆ្នាំ២០២២ ស្របពេលលោកក៏បានក្លាយជាប្រធានក្រុមហ៊ុនមេ Vingroup ផងដែរ ខណ:លោកស្រី Le Thi Thu Thuy ជានាយកប្រតិបត្តិរបស់ VinFast តាំងពីខែមីនា ឆ្នាំ២០២២ មក ដោយលោកស្រីបានចូលរួមជាមួយ Vingroup ក្នុងនាមជានាយកហិរញ្ញវត្ថុក្នុងឆ្នាំ២០០៨ ហើយក្រោយមកបានក្លាយជា CEO របស់ក្រុមហ៊ុន Vingroup និងក្រុមហ៊ុនផលិតស្មាតហ្វូន VinSmart ហើយឥឡូវនេះលោកស្រីគឺជាអនុប្រធានរបស់ក្រុមហ៊ុនមេ Vingroup ។

ជម្រាបជូនផងដែរថា លោក Vuong គឺជាមហាសេដ្ឋីដែលមានបំផុតនៅក្នុងប្រទេសវៀតណាម ដោយមានទ្រព្យសម្បត្តិសរុបជាង ៩ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី៦ ខែមករា ឆ្នាំ ២០២៤។ នេះបើយោងតាមរបាយការណ៍ចុះផ្សាយពីសារព័ត៌មាន Bloomberg ៕