ក្រុមហ៊ុនរថយន្តអគ្គិសនីខ្នាតយក្សវៀតណាម បោះទុន ៥០០លានដុល្លារ បង្កើតរោងចក្រដំបូងនៅឥណ្ឌា

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីកំពូលរបស់វៀតណាម VinFast បានធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ កាលពីថ្ងៃសៅរ៍ ទី៦ ខែមករា ដើម្បីបង្កើតរោងចក្រផលិតរថយន្តអគ្គិសនីដំបូងបំផុតរបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន VinFast និងអាជ្ញាធររដ្ឋ Tamil Nadu ដែលស្ថិតនៅភាគខាងត្បូងប្រទេសឥណ្ឌា បានឈានដល់ការព្រមព្រៀងគ្នា ក្នុងការឆ្ពោះទៅរកការវិនិយោគសរុបរហូតដល់ ២ពាន់លានដុល្លារអាមេរិក ជាមួយនឹងការបោះទុនចំនួន ៥០០លានដុល្លារ សម្រាប់រយ:ពេល ៥ឆ្នាំដំបូង លើគម្រោងដ៏ធំនេះ។

ទន្ទឹមនេះ យោងតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុន បាននិយាយថា ការសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី និងអាគុយ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំ២០២៤ នេះ ហើយអាចបង្កើតការងារបានចន្លោះពី ៣ ០០០ ទៅ ៣ ៥០០ កន្លែង នៅក្នុងស្រុក។

ជម្រាបជូនផងដែរថា ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ និងចាប់ផ្តើមផលិតរថយន្តអគ្គិសនី ចាប់តាំងពីឆ្នាំ២០២១ មក VinFast បានប្រកាសផែនការពីការលក់រថយន្តរបស់ខ្លួនជាច្រើន នៅក្រៅប្រទេស។ ហើយដោយបានបង្ហាញវត្តមានរថយន្តរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ជាលើកដំបូងកាលពីក្នុងខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុនវៀតណាម ចាប់ផ្តើមមានមហិច្ឆតា ចង់ពង្រីក និងជ្រៀតចូលក្នុងប្រទេសដែលមានទីផ្សាររថយន្តធំបំផុតពីបីរបស់ពិភពលោក៕