តួកគី និងចក្រភពអង់គ្លេសចុះកិច្ចព្រមព្រៀងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន

អន្តរជាតិ

ប្រទេសតួកគី និងចក្រភពអង់គ្លេសបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានតម្លៃ ១,៣ពាន់លានដុល្លារ ដើម្បីសាងសង់ផ្លូវរថភ្លើងល្បឿនលឿនដើរដោយថាមពលអគ្គិសនីនៅចំកណ្តាលប្រទេសតួកគី គឺរវាងទីក្រុង Kayseri និងទីក្រុង Yerkoy ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Anadolu ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អំឡុងកិច្ចប្រជុំឯស្ថានអគ្គកុងស៊ុលអង់គ្លេសប្រចាំទី្រក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីពាណិជ្ជកម្មអង់គ្លេសលោកស្រី Kemi Badenoch បានសារទរចំពោះកិច្ចព្រមព្រៀងមួយនេះថាជា សក្ខីកម្មដ៏ធំមួយចំពោះទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

លោកស្រី Badenoch បាននិយាយបន្ថែមទៀតថា នេះជាលើកទីបីហើយ ដែលចក្រភពអង់គ្លេសបានធ្វើការរួមគ្នាជាមួយតួកគី ដើម្បីធានាអនាគតនៃគម្រោងដឹកជញ្ជូនខ្នាតធំប្រកបដោយនិរន្តរភាព។ មួយវិញទៀត ខ្ញុំពិតជាមានសេចក្តីសមនស្សរីករាយជាខ្លាំង ដែលប្រទេសទាំងពីរកំពុងមើលឃើញពីកិច្ចព្រមព្រៀងដ៏ធំមួយទៀត ជាមួយនឹងហិរញ្ញវត្ថុចំនួន ១,២ពាន់លានអឺរ៉ូ (១,៣ពាន់លានដុល្លារ) សម្រាប់អ្វីដែលយើងជឿជាក់ថានឹងក្លាយជាផ្លូវរថភ្លើងផ្លាស់ប្តូររវាងទីក្រុង Yerkoy និងទីក្រុង Kayseri ។

រដ្ឋមន្ត្រីពាណិជ្ជកម្មរូបនេះបានបន្ថែមទៀតថា ខ្សែរថភ្លើងថ្មីនេះ នឹងជួយតួកគីពង្រីកបន្ថែមនូវខ្សែរថភ្លើងដែលបញ្ចេញកាបូនទាប ក៏ដូចជាកាត់បន្ថយការកកស្ទះ និងជួយកាត់បន្ថយកាបូនសុទ្ធជាង ៦ ៥០០តោនក្នុងមួយឆ្នាំ។ លើសពីនេះទៅទៀត គម្រោងនេះនឹងត្រូវអនុវត្តដោយការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនតួកគី Dogus Construction Celikler និងក្រុមហ៊ុន Ozkar ដែលជាអ្នកម៉ៅការដ៏សំខាន់របស់ផ្លូវរថភ្លើងល្បឿនលឿន Ankara-Sivas ផងដែរ៕