ក្រុមហ៊ុនជាច្រើននៅប្រទេសសិង្ហបុរី បានចុះអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយរដ្ឋ Tamil Nadu របស់ប្រទេសឥណ្ឌា សរុបជាទឹកប្រាក់ប្រមាណ ៥ពាន់លានដុល្លារសាំងហ្គាពួរ ឬប្រហែល ៣,៧ពាន់លានដុល្លារអាមេរិក។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា កិច្ចព្រមព្រៀងមួយនេះ បានធ្វើឡើងនៅឯកិច្ចប្រជុំ Tamil Nadu Global Investors Meet រៀបចំឡើងនៅទីក្រុង Chennai ប្រទេសឥណ្ឌា ស្របពេលគម្រោងវិនិយោគមួយនេះ នឹងចាប់ផ្ដើមអនុវត្តក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
សេចក្ដីថ្លែងការណ៍រួមរវាងក្រុមហ៊ុនសិង្ហបុរី និងរដ្ឋបាលនៃរដ្ឋ Tamil Nadu បានឲ្យដឹងថា MoU នេះ ជាការវិនិយោគគ្របដណ្ដប់លើវិស័យកំពុងរីកចម្រើនជាច្រើនដូចជា វិស័យកកើតឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធ កិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យា និងជំនាញផ្សេងៗ។
រំលឹកបន្តិចថា រដ្ឋ Tamil Nadu គឺជាទីក្រុងរួមចំណែកធំបំផុតទីពីរដល់ GDP របស់ប្រទេសឥណ្ឌា និងតំបន់វិនិយោគប្រមូលផ្ដុំដោយក្រុមហ៊ុនសិង្ហបុរី ហើយវាបានក្លាយជាទីតាំងផ្សាភ្ជាប់ទំនាក់ទំនងរវាងប្រទេសសិង្ហបុរី និងឥណ្ឌា ឲ្យកាន់តែស៊ីជម្រៅមួយកម្រិតថែមទៀត៕