ប្រធានក្រុមហ៊ុនរថយន្តអគ្គិសនី China Evergrande ត្រូវបានអាជ្ញាធរចិនឃាត់ខ្លួន

អន្តរជាតិ

ប្រធានក្រុមហ៊ុនរថយន្តអគ្គិសនី China Evergrande New Energy Vehicle Group ឬគេស្គាល់ថា Evergrande NEV ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ China Evergrande លោក Liu YongZhuo ត្រូវបានអាជ្ញាធរចិនឃាត់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ក្រុមប៉ូលិសបានឃាត់ខ្លួនលោក Liu ពីបទសង្ស័យបានប្រព្រឹត្តបទល្មើសខុសច្បាប់ និងមិនបានបញ្ជាក់លំអិតពីព័ត៌មានជុំវិញរឿងរ៉ាវនេះឡើយ ស្របពេលនេះគឺជាលើកទី២ ហើយ ដែលក្បាលម៉ាស៊ីនធំៗរបស់ក្រុមហ៊ុន China Evergrande ត្រូវបានឃាត់ខ្លួន​ពីរដ្ឋាភិបាល ខណៈកាលពីលើកទីមួយ គឺស្ថាបនិកក្រុមហ៊ុន លោក Hui Ka Yan ក៏ត្រូវបានចោទប្រកាន់​ពីករណីស្រដៀងៗគ្នាដែរ។

គួររំលឹកបន្តិចថា តាំងពីក្រុមហ៊ុន China Evergrande ប្រកាសពីបំណុលជាង ៣០០ពាន់លានដុល្លាររបស់ខ្លួន ក្រុមហ៊ុនមួយនេះបានជួបប្រទះផលវិបាកមិនចេះអស់ បើទោះជាព្យាយាមរកវិធីដោះស្រាយបំណុលបែបណាក្ដី។

តួយ៉ាង ក្រុមហ៊ុន Evergrande NEV បានបរាជ័យក្នុងការលក់ភាគហ៊ុនក្នុងតម្លៃ ៥០០លានដុល្លារ ទៅឲ្យ្រុមហ៊ុន NWTN នៅទីក្រុងឌូបៃ ហើយមុនការឃាត់ខ្លួនប្រធានក្រុមហ៊ុនរូបនេះ ការជួញដូរភាគហ៊ុនរបស់ពួកគេក៏ត្រូវបានផ្អាកថែមទៀត។

តម្លៃភាគហ៊ុនរបស់ Evergrande NEV បានថយចុះយ៉ាងគំហុក បន្ទាប់ពីដំណឹងនៃការបរាជ័យចុះ​កុងត្រាជាមួយក្រុមហ៊ុន NWTN ហើយគិតត្រឹមដើមឆ្នាំ២០២៤ តម្លៃមូលធនទីផ្សាររបស់ពួកគេ គឺមានប្រហែល ៥៧០លានដុល្លារ តិចជាងសឹងតែពាក់កណ្ដាលនៃតម្លៃក្រុមហ៊ុនកាលពី ៥ឆ្នាំមុន៕