ក្រុមហ៊ុនខ្នាតយក្សចិនមួយ ប្រកាសផ្អាកការដឹកជញ្ជូនទំនិញទាំងអស់ទៅកាន់ប្រទេសអ៊ីស្រាអែល

អន្តរជាតិ

យោងតាមគេហទំព័រព័ត៌មានហិរញ្ញវត្ថុអ៊ីស្រាអែល Globes បានរាយការណ៍កាលពីថ្ងៃអាទិត្យ ទី៧ ខែមករា ថាក្រុមហ៊ុនដឹកជញ្ជូនដ៏ធំបំផុតរបស់ប្រទេសចិន គឺ COSCO បានធ្វើការផ្អាករាល់ការប្រតិបត្តិការដឹកជញ្ជូនទំនិញរបស់ខ្លួនទាំងអស់ មកកាន់ប្រទេសអ៊ីស្រាអែល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ បាននិយាយទៀតថា ខាងក្រុមហ៊ុន COSCO ហាក់នៅមិនទាន់បានជូនដំណឹងណាមួយ ជុំវិញការសម្រេចចិត្តចំពោះការផ្អាកដឹកជញ្ជូនទំនិញរបស់ខ្លួននេះនៅឡើយនោះទេ។

គួរឲ្យដឹងថា ការសម្រេចចិត្តរបស់ COSCO បានកើតឡើង បន្ទាប់ពីមានភាពតានតឹងកើនឡើងកាន់តែខ្លាំង នៅក្នុងតំបន់សមុទ្រក្រហម ដែលជាផ្លូវពាណិជ្ជកម្មមានការប្រើប្រាស់ក្នុងការដឹកជញ្ជូនទំនិញតាមផ្លូវទឹកច្រើនបំផុតនៅលើពិភពលោក។

ក្រុមឧទ្ទាម Houthis នៃប្រទេស​យេម៉ែន​ ដែលចងសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ បាននិងកំពុងធ្វើការវាយប្រហារទៅលើក្រុមហ៊ុនដឹកជញ្ជូនទំនិញ នៅក្នុងតំបន់សមុទ្រក្រហម ចាប់តាំងពីខែមុនមកម្លេះ នៅក្នុងយុទ្ធនាការមួយដែលពួកគេនិយាយថា មានគោលបំណងគាំទ្រដល់ប៉ាឡេស្ទីន ក្នុងសង្រ្គាមនៅតំបន់ហ្កាហ្សា។

ជុំវិញការវាយប្រហារបានបង្ខំឲ្យក្រុមហ៊ុនដឹកជញ្ជូនទំនិញជាច្រើន នៅទូទាំងពិភពលោក រួមទាំង Maersk ដែលជាក្រុមហ៊ុនធំបំផុតរបស់ពិភពលោកផងនោះ បានផ្អាកការធ្វើដំណើរឆ្លងកាត់សមុទ្រក្រហមនេះ។ ហើយជា​លទ្ធផល​វាបានធ្វើឲ្យមានការកើនឡើងនៃអត្រាទំនិញ និងបុព្វលាភធានារ៉ាប់រង សម្រាប់ក្រុមហ៊ុនដឹកជញ្ជូន។

ជម្រាបជូនផងដែរថា ខណៈពេលដែលសារព័ត៌មាន Globes មិនបានបង្ហាញនូវព័ត៌មានលម្អិតនៅពីក្រោយការសម្រេចចិត្តរបស់ក្រុមហ៊ុន COSCO នៅក្នុងរបាយការណ៍របស់ខ្លួនក៏ដោយ ប៉ុន្តែវាត្រូវបានគេសង្ស័យអំពីទំនាក់ទំនងដ៏ជិតស្និទ្ធរបស់ចិន ជាមួយអ៊ីរ៉ង់ ថាជាហេតុផលចម្បងចំពោះការផ្អាកការដឹកជញ្ជូនទំនិញមកកាន់ប្រទេសអ៊ីស្រាអែលនេះ៕