សារព័ត៌មាន Nikkei Asia បានចុះផ្សាយកាលពីថ្ងៃទី៧ ខែមករាថា ក្រុមហ៊ុន Honda Motor កំពុងតែពិចារណាលើការសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី នៅក្នុងប្រទេសកាណាដា ដែលមានតម្លៃជិត ២ទ្រីលានយ៉េន (១៣,៨៣ពាន់លានដុល្លារ)។
តាមរយៈរបាយការណ៍បានបន្តថា គម្រោងនេះអាចជាការវិនិយោគដ៏ធំបំផុតមួយរបស់ក្រុមហ៊ុន Honda ហើយម្យ៉ាងវិញទៀត ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុនមួយនេះ កំពុងសម្លឹងមើលទីតាំងសម្រាប់សាងសង់រោងចក្រដែលមានសក្តានុពលជាច្រើនកន្លែង រួមទាំងទីតាំងដែលនៅជាប់រោងចក្រផលិតរថយន្តដែលមានស្រាប់នៅ Ontario ផងដែរ។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនរំពឹងថានឹងធ្វើការសម្រេចចិត្តនៅចុងឆ្នាំ២០២៤នេះ ហើយរោងចក្រថ្មីអាចនឹងចាប់ផ្តើមផលិតរថយន្តបាននៅឆ្នាំ២០២៨ ខាងមុខ។
ក្រុមហ៊ុន Honda ក៏មានគម្រោងដើម្បីចាប់ផ្តើមការផលិត និងលក់រថយន្តអគ្គិសនីនៅទឹកដីអាមេរិកខាងជើងនាឆ្នាំ២០២៦ ដោយផ្អែកលើប្រព័ន្ធ Honda e: Architecture ថ្មីរបស់ខ្លួនផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនផលិតរថយន្តមួយនេះ រួមជាមួយនឹងដៃគូរបស់ខ្លួនគឺក្រុមហ៊ុន LG Energy Solution បានប្រកាសកាលពីឆ្នាំ២០២២ ដែរថារដ្ឋ Ohio ជាទីតាំងនៃរោងចក្រថាមពលថ្មរួមគ្នា លើគម្រោងដែលមានតម្លៃប្រមាណជាជាង ៤,៤ពាន់លានដុល្លារ។
សូមជម្រាបថា ដោយយោងតាមទិន្នន័យរបស់ក្រុមហ៊ុន Honda បានបង្ហាញឲ្យដឹងថា រថយន្តដែលប្រើប្រាស់ថាមពលអគ្គិសនីមានចំនួនតិចជាង០,៥% នៃការលក់នៅទូទាំងពិភពលោករបស់ក្រុមហ៊ុន Honda ដែលមានចំនួនប្រហែល ២,៨លានគ្រឿងក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ២០២៣ ៕