អត្រាលក់ម៉ូតូនៅក្នុងប្រទេសវៀតណាម មានការថយចុះ១៦,២%

អន្តរជាតិ

សមាជិកនៃសមាគមក្រុមហ៊ុនផលិតម៉ូតូវៀតណាមបានរាយការណ៍មកថា ម៉ូតូចំនួន ២,៥លានគ្រឿងត្រូវបានលក់នៅក្នុងទីផ្សារប្រទេសវៀតណាមកាលពីឆ្នាំ២០២៣  ខណៈចំនួននេះបានធ្លាក់ចុះដល់ទៅ១៦,២% បើប្រៀបធៀបកាលពីឆ្នាំ២០២២ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមាជិកទាំងប្រាំនៃសមាគមក្រុមហ៊ុនផលិតម៉ូតូវៀតណាមដែលរួមមាន ក្រុមហ៊ុន Honda, Yamaha, Piaggio, Suzuki និងក្រុមហ៊ុន SYM បានលក់ម៉ូតូរបស់ខ្លួនសរុបចំនួន ៦៣៤ ៦៨៨គ្រឿងនៅត្រីមាសទីមួយកាលពីឆ្នាំ២០២៣ ហើយក៏លក់បានចំនួន ៥៨៨ ៩២៦គ្រឿងនៅត្រីមាសទីពីរ ខណៈត្រីមាសទីបីលក់បានចំនួន ៦១០ ៦៣៥គ្រឿង និងត្រីមាសបួនក្រុមហ៊ុនក៏លក់ម៉ូតូបានចំនួន ៦៨១ ៩៦៣គ្រឿងផងដែរ។

ទន្ទឹមនឹងនេះ ទីផ្សារម៉ូតូវៀតណាមក៏មានម៉ាកយីហោដែលមានការពេញនិយមផ្សេងៗទៀតផងដែរដូចជា VinFast, Kymco, BMW Motorrad, Ducati, Triumph, Kawasaki, Royal Enfield, Harley-Davidson, KTM និង Yadea ។

គួរបញ្ជាក់ផងថា បើយោងតាម Seasia Stats ដែលជាផ្នែកមួយដ៏សំខាន់របស់វេទិកា Seasia បានផ្តល់នូវទិន្នន័យស្ថិតិ និងព័ត៌មានវិទ្យាថា ប្រទេសវៀតណាមមានអត្រាកម្មសិទ្ធម៉ូតូខ្ពស់បំផុតគឺមានចំនួនដល់ទៅ៧២,៨% ខណៈប្រទេសសិង្ហបុរីជាប្រទេសមួយដែលមានអត្រាកម្មសិទ្ធម៉ូតូទាបបំផុត ដោយមានចំនួនត្រឹម២,៤% ប៉ុណ្ណោះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕