សប្ដាហ៍ដំបូងក្នុងឆ្នាំថ្មី ការលក់ទូរស័ព្ទ iPhone នៅប្រទេសចិន មានការធ្លាក់ចុះដល់ ៣០%

អន្តរជាតិ

ការលក់ទូរស័ព្ទ iPhone នៅប្រទេសចិនមានការថយចុះរហូតដល់ ៣០% សម្រាប់សប្ដាហ៍ដំបូងនៅក្នុងឆ្នាំ២០២៤ ដោយសារតម្រូវការនៅចិនមានការធ្លាក់ចុះ ស្របពេលក្រុមហ៊ុនគូប្រជែងធំៗដូចជា Huawei កំពុងក្ដោបក្ដាប់ទីផ្សារក្នុងស្រុកបានយ៉ាងល្អ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការធ្លាក់ចុះយ៉ាងគំហុករបស់ iPhone បានទាញអត្រាលក់ទូរស័ព្ទទូទាំងប្រទេសចិន ថយចុះជាមួយខ្លួនដែរ ប៉ុន្តែបើមើលពីទិន្នន័យរបស់ក្រុមហ៊ុនក្នុងស្រុកដូចជា Huawei បែរជាមានកំណើនកើនឡើង ហើយបើទោះជាកើនឡើងមិនច្រើន តែវានៅតែបង្ហាញសញ្ញាវិជ្ជមានល្អជាងក្រុមហ៊ុនខ្នាតយក្សអាមេរិកដដែល។

រំលឹកបន្តិចថា មួយរយៈកាលចុងក្រោយនេះ ការលក់របស់ក្រុមហ៊ុន Apple នៅប្រទេសចិន មិនមានទិន្នន័យល្អឡើយ តាំងពីរដ្ឋាភិបាលចិនចេញវិធានការ ហាមបុគ្គលិករដ្ឋាភិបាលប្រើប្រាស់ទូរស័ព្ទ iPhone និងព្រមានពីហានិភ័យនៃការលួចទិន្នន័យរបស់អ្នកប្រើប្រាស់។

តួយ៉ាង ក្រុមហ៊ុន Apple ជួបប្រទះការលក់ទាបបំផុត សម្រាប់ព្រឹត្តិការណ៍លក់ទំនិញធំបំផុតនៅចិនកាលពីខែវិច្ឆិកា បើទោះជាពួកគេព្យាយាមលក់ទូរស័ព្ទ iPhone ក្នុងតម្លៃទាបខ្លាំង ពោលបញ្ចុះតម្លៃរហូតដល់ ១៦% ក៏អត្រាលក់របស់ពួកគេ មានទាបជាងដាច់ក្រុមហ៊ុនក្នុងស្រុកដទៃដូចជា Huawei និង Xiaomi ដោយសារប្រជាជនចិនងាកមកគាំទ្រផលិតផលក្នុងស្រុក ស្របតាមគោលការណ៍របស់រដ្ឋាភិបាល៕