នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានប្រកាសថា គម្រោងចែកលុយឌីជីថលប្រមាណ ១៤,៣ពាន់លានដុល្លារ ជូនប្រជាជន នឹងចាប់ផ្ដើមអនុវត្តពីខែឧសភាតទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សេចក្ដីប្រកាសមួយនេះធ្វើឡើង បន្ទាប់ពីការិយាល័យក្រុមប្រឹក្សារដ្ឋ រកមិនឃើញហេតុផលណាមួយក្នុងការហាមប្រាម មិនឲ្យគណៈរដ្ឋមន្ត្រីរបស់លោក Srettha ខ្ចីប្រាក់ពីរដ្ឋ ដើម្បីបន្តអនុវត្តផែនការចែកលុយឌីជីថលនោះឡើយ។
រំលឹកបន្តិចថា ផែនការមួយនេះ នឹងផ្ដល់ប្រាក់ ១០ ០០០បាត ឬប្រហែល ២៨៥ដុល្លារសម្រាប់មនុស្សម្នាក់ ទៅកាន់ប្រជាជនប្រហែល ៥០លាននាក់ ដើម្បីចំណាយនៅក្នុងសហគមន៍រៀងៗខ្លួន ខណៈផែនការនេះផងដែរ ក៏ជាចំណុចលេចធ្លោរមួយដែលជួយឲ្យលោក Srettha ក្លាយជានាយករដ្ឋមន្ត្រីថៃ ដ្បិតគណបក្សភឿថៃបានប្រើប្រាស់ផែនការនេះ ក្នុងការឃោសនារកសន្លឹកឆ្នោតកាលពីពេលកន្លងទៅ។
នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុរូបនេះ បានបង្ហាញថា ផែនការចែកលុយឌីជីថល នឹងអាចជួយបង្កើនកំណើនសេដ្ឋកិច្ចរបស់ថៃ ឲ្យឡើងដល់ចំណុច៥% យ៉ាងតិចក្នុងមួយឆ្នាំ ប៉ុន្តែសេដ្ឋកិច្ចវិទូ និងអតីតទេសាភិបាលធនាគារកណ្ដាលមួយចំនួន បានចេញមុខប្រតិកម្មជាមួយផែនការមួយនេះ ដោយអះអាងថា វានឹងជំរុញឲ្យអត្រាអតិផរណាកាន់តែកើនឡើងជាងពេលបច្ចុប្បន្ន៕