មេដឹកនាំកំពូលចិន ប្ដេជ្ញាបង្ក្រាបអំពើពុករលួយនៅក្នុងជួររដ្ឋាភិបាល

អន្តរជាតិ

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានប្ដេជ្ញាចិត្តថា នឹងព្យាយាមបង្ក្រាបអំពើពុករលួយ នៅក្នុងជួររដ្ឋាភិបាលបន្ថែមទៀត ជាពិសេសនៅក្នុងវិស័យសំខាន់ៗដូចជា វិស័យហិរញ្ញវត្ថុ ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចាប់តាំងពីចូលទសវត្សទី២ សម្រាប់ការកាន់អំណាចជាមេដឹកនាំកំពូលចិនកាលពីឆ្នាំ២០២២ លោក ស៊ី បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ជុំវិញការបង្ក្រាបអំពើពុករលួយនៅក្នុងជួររដ្ឋាភិបាល ហើយតាមតួលេខចុងក្រោយកាលពីខែមិថុនា ឆ្នាំ២០២២ បានបង្ហាញថា មន្ត្រីគណបក្សប្រមាណ ៤,៨លាននាក់ ត្រូវបានស្ថិតក្រោមការស៊ើបអង្កេតតាំងពីឆ្នាំ២០១២។

ក្នុងនោះ មន្ត្រីច្រើនជាង ១,៥លាននាក់ ត្រូវបានរកឃើញជាប់ពាក់ព័ន្ធនឹងករណីពុករលួយ និងទទួលបានការពិន័យតាមស្ថានទោសរៀងៗខ្លួន ដោយខ្លះត្រូវជាប់ពន្ធនាគាររយៈពេលរាប់ឆ្នាំ ខ្លះត្រូវរបូតតំណែងនៅជួររដ្ឋាភិបាល ឬត្រូវបណ្ដេញចេញពីគណបក្សកាន់អំណាចតែម្ដង។

ជម្រាបដែរថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ រដ្ឋាភិបាលចិនបានសម្រុកបង្ក្រាបអំពើពុករលួយពេញផ្ទៃប្រទេស មិនថាក្នុងវិស័យឯកជន ឬក្នុងវិស័យរដ្ឋឡើយ ជាពិសេសគឺវិស័យហិរញ្ញវត្ថុ ទាំងផ្នែកធនាគារ និងធានារ៉ាប់រង ក៏ដូចជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ សុទ្ធតែស្ថិតក្រោមរ៉ាដារបស់រដ្ឋាភិបាលចិន ក្នុងការអនុវត្តវិធានការបង្ក្រាបអំពើពុករលួយ៕