CEO ក្រុមហ៊ុនអាកាសចរណ៍អាមេរិក JetBlue ប្រកាសលាលែងពីតំណែង

អន្តរជាតិ

នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ JetBlue លោក Robin Hayes នឹងចុះចេញពីតំណែងនាខែក្រោយ ដោយសារបញ្ហាសុខភាព ខណៈតំណែងមួយនេះនឹងជំនួសដោយលោកស្រី Joanna Geraghty ដែលជាប្រធានក្រុមហ៊ុនវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន USNews។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Hayes ដែលមានវ័យ ៥៧ឆ្នាំ បានបញ្ជាក់ថា លោកលាឈប់ដោយសារបញ្ហាសុខភាព ដ្បិតសំពាធការងាររបស់លោកគឺមានទំនួលខុសត្រូវខ្ពស់ ស្របពេលវេជ្ជបណ្ឌិតក៏បានណែនាំឲ្យលោកសម្រាក ថែទាំសុខភាព ហើយភរិយារបស់លោកក៏គាំទ្រជាមួយការសម្រេចចិត្តរបស់លោកផងដែរ។

ជាមួយគ្នា លោកស្រី Geraghty ក៏បានបង្ហាញអារម្មណ៍រីករាយ ចំពោះការទទួលបានតំណែងសំខាន់មួយទៀតនៅក្នុងក្រុមហ៊ុន ហើយបានបន្ថែមថា លោកស្រី និងក្រុមការងារ នឹងរៀបចំយុទ្ធសាស្ត្រថ្មីៗជាច្រើន ដើម្បីបង្កើនផលប្រយោជន៍កាន់តែច្រើនជូនក្រុមហ៊ុន ក៏ដូចជាក្រុមវិនិយោគិនថែមទៀត។

ជម្រាបបន្ថែមថា លោកស្រី Geraghty គឺបានចូលរួមជាមួយក្រុមហ៊ុនអាកាសចរណ៍ JetBlue តាំងពីឆ្នាំ២០០៥ ហើយបានបន្តឡើងតំណែងជាប្រធានក្រុមហ៊ុន កាលពីឆ្នាំ២០១៨ និងបន្តកាន់តំណែងជា CEO ថ្មីនៃក្រុមហ៊ុនបន្ថែមទៀត ខណៈការតែងតាំងនឹងធ្វើឡើងនាថ្ងៃទី១២ ខែកុម្ភៈខាងមុខ៕