Mercedes ចាក់លុយ ២៤លានដុល្លារចូលទីផ្សារឥណ្ឌា ស្របពេលមានការគាំទ្រខ្លាំងពីក្រុមអ្នកមានវ័យក្មេង

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តប្រណីតរបស់អាឡឺម៉ង់ Mercedes Benz នឹងចាក់លុយវិនិយោគប្រមាណ ២៤លានដុល្លារទៅក្នុងទីផ្សារប្រទេសឥណ្ឌានៅឆ្នាំនេះ ហើយក៏ចេញលក់ម៉ូឌែលដែលមានតម្លៃថ្លៃៗបន្ថែមទៀត ដោយសារតែឃើញមានការគាំទ្រច្រើន ពីប្រជាជនឥណ្ឌាវ័យក្មេងដែលសម្បូរទ្រព្យ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី៨ ខែមករា នាយកគ្រប់គ្រងនៃអង្គភាពផលិតរថយន្តរបស់ប្រទេសឥណ្ឌាលោក Santosh Iyer បានប្រាប់អ្នកយកព័ត៌មានថា ជាងពាក់កណ្តាលនៃការចេញលក់ម៉ូឌែលថ្មីៗរបស់ក្រុមហ៊ុន Mercedes នៅក្នុងទីផ្សាររថយន្តលំដាប់ទីបីរបស់ពិភពលោក នឹងក្លាយជារថយន្តលំដាប់កំពូល ហើយក្រុមហ៊ុនផលិតរថយន្តរបស់អាឡឺម៉ង់មួយនេះ នឹងកំណត់ប្រភេទរថយន្តដែលមានតម្លៃចាប់ពី ១៨០ ០០០ដុល្លារឡើងទៅ។

លោក Santosh បាននិយាយថា ទម្រង់នៃអតិថិជនឥណ្ឌាកំពុងមានការវិវត្តន៍ សព្វថ្ងៃប្រជាសាស្ត្រក៏កំពុងផ្លាស់ប្តូរ ហើយសេចក្តីប៉ងប្រាថ្នាពីអ្នកជំនួញជោគជ័យវ័យក្មេងជាច្រើន ក៏កំពុងផ្លាស់ប្តូរទៅរកជីវិតប្រណីតភាពផងដែរ។

លោកបាននិយាយបន្ថែមទៀតថា អតិថិជនដែលទិញរថយន្ត Mercedes នៅក្នុងប្រទេសឥណ្ឌា​ ជាធម្មតាជាម្ចាស់អាជីវកម្ម ខណៈអតិថិជនដែលធ្វើការជាបុគ្គលិកមានចំនួន១២% ទៅ១៤% ហើយម្យ៉ាងវិញអតិថិជនទាំងនោះ មានអាយុជាមធ្យមប្រហែល ៣៨ឆ្នាំ។

រម្លឹកទៅកាលពីឆ្នាំ២០២៣ ក្រុមហ៊ុន Mercedes បានលក់រថយន្តរបស់ខ្លួនបានចំនួន ១៧ ៤០៨គ្រឿងក្នុងប្រទេសឥណ្ឌា ខណៈចំនួននេះកើនឡើង១០% បើប្រៀបធៀបកាលពីឆ្នាំ២០២២ ដោយសារតែមានតម្រូវការពីការគាំទ្ររថយន្តម៉ូឌែលកំពូលៗ ក៏ដូចជារថយន្តស្ព័រ (SUVs) ជាដើម។

គួរជម្រាបថា ទឹកប្រាក់ចំនួន ២៤លានដុល្លារនេះ នឹងត្រូវវិនិយោគដើម្បីចាប់ផ្តើមផលិតនូវម៉ូឌែលថ្មីៗបន្ថែមទៀត ក៏ដូចជាវិនិយោគទៅក្នុងប្រតិបត្តិការផលិតកម្មរបស់ក្រុមហ៊ុន Mercedes នាទីក្រុង Pune ភាគខាងលិចនៃប្រទេសឥណ្ឌា៕