នៅថ្ងៃទី៩ ខែមករា រដ្ឋមន្ត្រីក្រសួងអប់រំលោក Gabriel Attal ត្រូវបានប្រធានាធិបតីបារាំងលោក Emmanuel Macron ផ្តល់សេចក្តីទុកចិត្តតែងតាំងជានាយករដ្ឋមន្ត្រីថ្មីជំនួសលោកស្រី Elisabeth Borne ដែលបានលាលែងចេញពីតំណែងកាលពីថ្ងៃចន្ទកន្លងទៅ ខណៈរូបលោកក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្រប្រទេស។
តាមគេហទំព័រសារព័ត៌មាន Tatler បានបង្ហាញថា លោក Gabriel Attal កើតនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ១៩៨៩ និងធំឡើងក្នុងទីក្រុងប៉ារីស ជាមួយនឹងបងប្អូនស្រីបីនាក់ ដែលមានឪពុកឈ្មោះ Yves Attal ជាមេធាវី និងជាអ្នកផលិតខ្សែភាពយន្ត ព្រមទាំងមានម្តាយឈ្មោះ Marie de Couriss ។ បន្ទាប់ពីបញ្ចប់ការសិក្សានៅអនុវិទ្យាល័យ រូបលោកបានទៅបន្តការសិក្សានៅសាកលវិទ្យាល័យ Paris-Panthéon-Assas ផ្នែកច្បាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ និងបន្ទាប់មកលោកបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកកិច្ចការសាធារណៈនៅវិទ្យាស្ថាន Sciences Po ផងដែរ ។
បន្ទាប់ពីបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យក្នុងឆ្នាំ២០១២ គាត់បានធ្វើការងារពាក់ព័ន្ធនឹងទំនាក់ទំនងសភា និងការសរសេរសន្ទរកថាឱ្យលោកស្រី Marisol Touraine ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាល ។ ក្នុងឆ្នាំ២០១៧ មុខតំណែងនយោបាយដំបូងរបស់គាត់គឺនៅក្នុងសភាជាតិ ដែលជាសភានយោបាយជាន់ទាបនៃសភាបារាំង។ មួយវិញទៀត លោកក៏ធ្លាប់កាន់តំណែងជារដ្ឋលេខាធិការក្រសួងអប់រំ អ្នកនាំពាក្យរដ្ឋាភិបាល និងជារដ្ឋមន្ត្រីក្រសួងសកម្មភាព និងគណនេយ្យសាធារណៈ ក៏ដូចជាបានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអប់រំកាលពីឆ្នាំ២០២៣ផងដែរ មុននឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសបារាំងកាលពីពេលថ្មីៗនេះ។
បន្ថែមពីនោះ នាយករដ្ឋមន្ត្រីបារាំងលោក Gabriel Attal គឺជានាយករដ្ឋមន្ត្រីដំបូងគេដែលស្រឡាញ់ភេទដូចគ្នា ដោយរូបគាត់មានចំណងស្នេហាជាមួយបុរសវ័យ ៣៨ឆ្នាំឈ្មោះ Stéphane Séjourné ជាមេធាវី និងក៏ជាអ្នកនយោបាយដែលបម្រើការនៅសភាអឺរ៉ុបផងដែរ ខណៈអ្នកទាំងពីរបានរួមរួសនៅជាមួយគ្នាចាប់តាំងពីឆ្នាំ២០១៥ មកម្លេះ៕