សេដ្ឋកិច្ចនៃប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ លើលោក កំពុងបង្ហាញសញ្ញាវិជ្ជមានឡើងវិញជាបណ្ដើរៗ ចាប់តាំងពីផ្ទុះជំងឺរាតត្បាតកូវីដ ១៩ ប៉ុន្តែកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ទំនងនឹងត្រូវជាប់គាំងដោយសារកត្តាធំ ២យ៉ាង គឺការថយចុះនៃចំនួនប្រជាជន និងវិបត្តិអចលនទ្រព្យនៅក្នុងស្រុក។

កាលណាប្រទេសមានទំហំសេដ្ឋកិច្ចធំ តែប្រជាជនមានកំណើនទាប វានឹងធ្វើឲ្យចរន្តសេដ្ឋកិច្ចនៅជាប់គាំង ព្រោះឧស្សាហកម្មនានា នឹងជួបប្រទះវិបត្តិកង្វះខាតកម្មករ ស្របពេលចំនួនអ្នកប្រើប្រាស់ទំនិញ ក៏មានទាបជាងការផលិត ធ្វើឲ្យសេដ្ឋកិច្ចជាតិនៅនឹងថ្កល់មួយកន្លែង។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ការថយចុះនៃចំនួនប្រជាជនចិន បានធ្វើឲ្យរដ្ឋាភិបាល មានការព្រួយបារម្ភជាខ្លាំង ដោយវាបានកើតឡើងដំបូងតាំងពីឆ្នាំ២០១៦ ហើយមកទល់ឆ្នាំ២០២៣ តួលេខនៅតែបន្តថយចុះដដែល។

ក្រុមអ្នកស្រាវជ្រាវ នឹងបញ្ចេញទិន្នន័យទាក់ទងនឹងជំរឿនប្រជាជនចិនប្រចាំឆ្នាំ២០២៣ នាថ្ងៃទី១៧ ខែមករាខាងមុខ ប៉ុន្តែពួកគេបានបង្ហើបប្រាប់ថា អត្រាកំណើតនៅក្នុងឆ្នាំ២០២៣ គឺមានតិចជាងចំនួន ៩,៥៦លាននាក់ នៅក្នុងឆ្នាំ២០២២ ដោយសារតែបញ្ហាវិសមភាពយេនឌ័រ និងការមើលថែទាំកុមារ គឺមានតម្លៃខ្ពស់ខ្លាំងនៅក្នុងប្រទេសចិន ដូច្នេះប្រជាជនមានភាពខ្លាចរអាក្នុងការយកកូន។
ហេតុផលមួយចំនួនទៀត ដែលធ្វើឲ្យប្រជាជនចិនមិនចង់បានកូន គឺដោយសារការចំណាយខ្ពស់ ស្របពេលអត្រាយុវជនគ្មានការងារធ្វើក៏ច្រើន ប្រាក់ខែបុគ្គលិកក៏ថយចុះ ចំពេលវិបត្តិអចលនទ្រព្យធ្វើឲ្យកកស្ទះចរន្តសេដ្ឋកិច្ចក្នុងស្រុកផង បានបណ្ដាលឲ្យគ្រួសារជាច្រើនពន្យារពេលយកកូនជាបណ្ដោះអាសន្ន។
ចំណែកឯវិបត្តិអចលនទ្រព្យនៅប្រទេសចិនវិញ គឺបានធ្វើឲ្យសេដ្ឋកិច្ចនៃប្រទេសមហាអំណាចមួយនេះ រងទុក្ខមិនស្ទើរឡើយ ដ្បិតវិស័យមួយនេះគឺជាកត្តាលីករុញច្រាន និងរួមចំណែក GDP នៃប្រទេសចិនបានរហូតដល់ ៣០% ឯណោះ។ នេះបើតាមរបាយការណ៍ពីសារព័ត៌មាន Business Insider។

តាំងពីចុងទសវត្សឆ្នាំ១៩៩០ វិស័យអចលនទ្រព្យនៅចិន គឺជាប្រភពចំណូលដ៏សំខាន់របស់រដ្ឋាភិបាល ដោយបានអូសទាញក្រុមវិនិយោគិន មកចាក់លុយនៅទីនោះរាប់សិបពាន់លានដុល្លារ។
ប៉ុន្តែដោយសារក្រុមហ៊ុនបរទេស និងក្រុមហ៊ុនក្នុងស្រុកជាច្រើន សម្រុកសាងសង់ផ្ទះច្រើនពេក ធ្វើឲ្យតម្រូវការមានលើសលុប ហើយបច្ចុប្បន្ននេះ ប្រហែល ១/៥ ឬប្រហែល ៦៥លានខ្នង នៃចំនួនផ្ទះសរុបនៅប្រទេសចិន គឺត្រូវបានទុកចោល ដោយសារគ្មានអ្នកទិញ។
វិស័យអចលនទ្រព្យនៅចិន ជួបបញ្ហាតាំងពីឆ្នាំ២០២០ ដោយក្នុងនោះក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន យ៉ាងហោចណាស់ ៦០ក្រុមហ៊ុន បានប្រកាសក្ស័យធន ជាមួយបំណុលច្រើនជាង ១៤០ពាន់លានដុល្លារ។
តែទើបនៅក្នុងឆ្នាំ២០២១ ប៉ុណ្ណោះ ដែលវិស័យមួយនេះចាប់ផ្ដើមធ្លាក់ចូលក្នុងរណ្ដៅ ដកខ្លួនលែងរួច ក្រោយក្រុមហ៊ុនខ្នាតយក្ស China Evergrande ប្រកាសពីបំណុលសរុបប្រមាណ ៣០០ពាន់លានដុល្លារ ជាប់ជាក្រុមហ៊ុនជំពាក់បំណុលច្រើនបំផុតលើលោក និងបានទាញបណ្ដាក្រុមហ៊ុនដទៃនៅក្នុងស្រុក ធ្លាក់ចូលក្នុងវិបត្តិហិរញ្ញវត្ថុជាមួយខ្លួនដែរ។

បច្ចុប្បន្ននេះ រដ្ឋាភិបាលចិន កំពុងព្យាយាមរិះរកគ្រប់មធ្យោបាយ ដើម្បីដោះស្រាយបញ្ហាវិបត្តិអចលនទ្រព្យនៅក្នុងប្រទេស ដើម្បីបង្ការផលប៉ះពាល់ដល់វិស័យដទៃទៀត ប៉ុន្តែវាមិនមែនជារឿងងាយស្រួលឡើយ ព្រោះថាវិស័យអចលនទ្រព្យ និងវិស័យធនាគារ គឺប្រៀបដូចជាសរសៃឈាម ដែលពឹងផ្អែកលើគ្នាទៅវិញទៅមក។
តួយ៉ាង ធនាគារស្រមោលរបស់ចិន គឺ ក្រុមហ៊ុន Zhongzi Enterprise Group បានប្រកាសក្ស័យធនថ្មីៗ ក្រោយមានបំណុលជាង ៦៥ពាន់លានដុល្លារ ដោយសារម្ចាស់ក្រុមហ៊ុនក៏ផុងខ្លួនជាមួយវិបត្តិអចលនទ្រព្យផងដែរ។

ទោះជាយ៉ាងណា រដ្ឋាភិបាលចិននៅតែព្យាយាមរកវិធីសាស្ត្រផ្សេងៗ ដើម្បីបង្កើនកំណើនសេដ្ឋកិច្ចរបស់ពួកគេឡើងវិញ តាមរយៈការអូសទាញភ្ញៀវទេសចរណ៍នានា ដូចជាការលើកលែងទិដ្ឋាការដល់ប្រទេសមួយចំនួន សម្រាប់ការមកកម្សាន្តនៅប្រទេសចិន អូសទាញក្រុមវិនិយោគិនមកបណ្ដាក់ទុនលើវិស័យបច្ចេកវិទ្យា ដោយសន្យាផ្ដល់អត្ថប្រយោជន៍ជាច្រើនដូចជា ការលើកលែងពន្ធមួយចំនួន និងផ្ដល់កម្ចីដែលមានការប្រាក់ទាបជាដើម៕