មួយសប្តាហ៍ដំបូងនៃឆ្នាំ២០២៤ ថៃស្វាគមន៍ទេសចរបរទេសសរុបជាង ៦០ម៉ឺននាក់

អន្តរជាតិ

សារព័ត៌មាន The Nation បានចុះផ្សាយថា ចំនួនអ្នកទេសចរបរទេសសរុបប្រមាណ ៦០ម៉ឺននាក់បានធ្វើដំណើរចូលមកកាន់ទឹកដីនៃប្រទេសថៃ នៅក្នុងរយៈពេលត្រឹមសប្តាហ៍ដំបូងនៃឆ្នាំ២០២៤ ខណៈភ្ញៀវទេសចរភាគច្រើនមកពីប្រទេសចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាលោក Sudawan Wangsuphakijkosal បាននិយាយកាលពីថ្ងៃទី៩ ខែមករាថា ភ្ញៀវទេសចរបរទេសសរុបចំនួន ៦០៥ ៥៣៧នាក់បានធ្វើដំណើរមកកាន់ទឹកដីប្រទេសថៃ បើរាប់ត្រឹមមួយសប្តាហ៍ដំបូងនៃឆ្នាំ២០២៤ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមករា។ ក៏ប៉ុន្តែចំនួននេះ គឺទាបជាងសប្តាហ៍ចុងក្រោយនៃខែធ្នូ ឆ្នាំ២០២៣ ប្រមាណ២៣,៣២% ឬស្មើរនឹងចំនួន ១៨៤ ១០៦នាក់។

ខាងក្រោមនេះ គឺជាតួលេខនៃប្រទេសដែលជាប្រភពទេសចរណ៍កំពូលៗទាំងប្រាំ ដែលមានប្រជាជនមកកម្សាន្តក្នុងប្រទេសថៃច្រើនជាងគេ នៅត្រឹមមួយសប្តាហ៍ដំបូងនៃខែមករា ឆ្នាំ២០២៤ ក៏ដូចជាបង្ហាញអំពីទិន្នន័យប្រៀបធៀបទៅនឹងសប្តាហ៍ចុងក្រោយក្នុងខែធ្នូ ឆ្នាំ២០២៣ ដែលរូមមាន៖

_ ទេសចរចិនមានចំនួន ៨១ ៨៥៤នាក់ ធ្លាក់ចុះ១៨,៩៦%

_ ទេសចរម៉ាឡេស៊ីមានចំនួន ៦៤ ០៥៣នាក់ ធ្លាក់ចុះ៤៨,១៥%

_ ទេសចររុស្ស៊ីមានចំនួន ៥១ ៤៦៧នាក់ ធ្លាក់ចុះ២,៧%

_ ទេសចរកូរ៉េខាងត្បូងមានចំនួន ៤៣ ៨៩៤នាក់ ធ្លាក់ចុះ ៤,៩៣%

_ និងទេសចរឥណ្ឌាមានចំនួន ៣០ ២០៣នាក់ ធ្លាក់ចុះ ២៣,៧៩%

ទោះជាយ៉ាងនេះក្តី រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡារូបនេះរំពឹងថា ការមកដល់របស់ជនបរទេសនឹងកើនឡើងក្នុងសប្តាហ៍ទីពីរនៃខែមករា ដោយសារការលើកលែងទិដ្ឋាការសម្រាប់អ្នកទេសចរមកពីប្រទេសចិន និងកាហ្សាក់ស្ថាន ហើយមួយវិញទៀត ចំពោះគោលនយោបាយពន្យារ​ទិដ្ឋាការ​ស្នាក់​នៅ​សម្រាប់​ភ្ញៀវ​ទេសចរ​រុស្ស៊ី ​ព្រមទាំងការ​មក​ដល់​កាន់​តែ​ច្រើន​ពី​ប្រទេសដែលនៅតំបន់ឆ្ងាយៗ ​ក៏​នឹង​រួម​ចំណែក​ដល់​កំណើន​ភ្ញៀវ​ទេសចរ​បរទេស​ឲ្យមកកាន់ប្រទេសថៃកើនឡើងបន្ថែមទៀតផង​ដែរ៕