ក្រុមហ៊ុនស្រាវជ្រាវសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Hurun បានចេញផ្សាយបញ្ជីឈ្មោះបុគ្គលជោគជ័យ ដែលជាអតីតនិស្សិតនៃសកលវិទ្យាល័យកំពូលៗនៅប្រទេសចិន ហើយក្នុងនោះអ្នកនាង Zhang Zetian បានបង្ហាញមុខនៅក្នុងបញ្ជីមួយនេះជាប់ៗគ្នា រយៈពេល ៣ឆ្នាំ ខណៈអ្នកនាងគឺជាភរិយារបស់ប្រធានក្រុមហ៊ុន JD មហាសេដ្ឋី Liu Qiangdong។

ប្រភពដដែលបានបង្ហាញថា អ្នកនាង Zhang គឺជាអតីតនិស្សិតពូកែម្នាក់នៅសកលវិទ្យាល័យកំពូល Tsinghua University ហើយបច្ចុប្បន្នអ្នកជំនួញស្រីម្នាក់នេះ មានទ្រព្យសម្បត្តិសរុប ៦០ពាន់លានយ៉ន់ ឬប្រមាណ ៨,៤ពាន់លានដុល្លារ និងត្រូវបានគេចាត់ទុកថា ជាមហាសេដ្ឋីស្រីវ័យក្មេងបំផុតនៅប្រទេសចិន ពោលបច្ចុប្បន្នអ្នកមានទើបមានអាយុ ៣១ឆ្នាំប៉ុណ្ណោះ។

ដោយសារមានរូបសម្រស់ស្រស់ស្អាត អ្នកនាង Zhang ធ្លាប់ត្រូវបានផលិតករភាពយន្តជាច្រើននាក់ ទាក់ទងសុំអ្នកនាងថតកុន អំឡុងពេលសិក្សានៅសកលវិទ្យាល័យ Tsinghua ប៉ុន្តែនាងបានបដិសេធ ដោយចង់ផ្ដោតលើការសិក្សាវិញ។
ក្រោយមក ស្រីស្អាតម្នាក់នេះក៏បានជាប់ចិត្តស្នេហាជាមួយ ប្រធានក្រុមហ៊ុន JD លោក Liu Qiangdong ហើយអ្នកទាំង ២ក៏បានរៀបការនៅក្នុងឆ្នាំ២០១៥ ហើយអតីតនិស្សិតនៅសកលវិទ្យាល័យ Tsinghua ម្នាក់នេះ ក៏បានកាន់តំណែងធំមួយនៅក្រុមហ៊ុន JD ផងដែរ។
ក្រៅពីការងារនៅក្រុមហ៊ុន មហាសេដ្ឋីស្រីម្នាក់នេះ ក៏ជាបុគ្គលមានឥទ្ធិពលបំផុតម្នាក់នៅក្នុងវិស័យហ្វេសសិន នៃប្រទេសចិន ពោលជានិច្ចកាលអ្នកនាងតែងតែបង្ហាញវត្តមាន នៅកម្មវិធីបង្ហាញម៉ូដធំៗ និងកម្មវិធីសម្ពោធភាពយន្តខ្នាតយក្សជាដើម៕