សមាគមរថយន្តក្នុងស្រុកមួយ បាននិយាយកាលពីដើមសប្តាហ៍នេះថា ប្រទេសចិន បាននិងកំពុងវ៉ាដាច់ប្រទេសជប៉ុន ក្នុងនាមជាអ្នកនាំចេញរថយន្តដ៏ធំបំផុតរបស់ពិភពលោក នៅក្នុងឆ្នាំ២០២៣ កន្លងទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
សមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) បានប្រាប់សន្និសីទសារព័ត៌មានថា ប្រទេសរបស់ខ្លួន បានក្លាយជាអ្នកនាំចេញរថយន្តកំពូល ជាលើកដំបូងជាមួយនឹងការនាំចេញរថយន្តសរុបកើនឡើង ៦២% ដល់ចំនួន ៣,៨៣ លានគ្រឿងកាលពីឆ្នាំមុន។
ជាមួយចំនួនដ៏ច្រើននេះ បានធ្វើឲ្យចិន វ៉ាដាច់ប្រទេសជប៉ុន ដែលបាននាំចេញរថយន្តដឹកអ្នកដំណើរបានចំនួនត្រឹម ៣,៥ លានគ្រឿងប៉ុណ្ណោះ សម្រាប់រយៈពេល ១១ខែដំបូងនៃឆ្នាំ ២០២៣ ដោយមិនរាប់បញ្ចូលទាំងរថយន្តជជុះ។
គួរឲ្យដឹងថាក្រុមហ៊ុនចិនដែលមានឯកទេសខ្ពស់ខាងរថយន្តអគ្គិសនី ដូចជា BYD និង Chery បានបោះជំហានយ៉ាងសំខាន់ នៅក្នុងទីផ្សារក្រៅប្រទេស ក៏ដូចជានៅក្នុងស្រុក ដែលជាកត្តាដ៏សំខាន់ជួយឲ្យចិន ឡើងមកឈរនៅតំណែងកំពូលនេះ។
ជម្រាបជូនផងដែរថា ការនាំចេញរថយន្តសរុបរបស់ប្រទេសចិន ត្រូវបានគេប៉ាន់ប្រមាណថានឹងកើនឡើងដល់ ៥,២៦ លានគ្រឿង គិតពេញមួយឆ្នាំ២០២៣ ដែលមានតម្លៃប្រហែល ១០២ពាន់លានដុល្លារ ខណៈពេលដែលការនាំចេញរថយន្តពេញមួយឆ្នាំរបស់ប្រទេសជប៉ុនវិញ ត្រូវបានគេព្យាករថាមានចំនួនប្រហែល ៤,៣ លានគ្រឿងប៉ុណ្ណោះ៕