លោក Robert Kiyosaki អ្នកនិពន្ធសៀវភៅ Rich Dad Poor Dad បានបង្ហើបពីយុទ្ធសាស្ត្រនៃការរៀបចំហិរញ្ញវត្ថុរបស់លោក ប៉ុន្តែជាមួយគ្នាលោកក៏បានបង្ហាញថា បច្ចុប្បន្នលោកមានបំណុលនឹងខ្លួនប្រមាណ ១,២ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Fortune។

វិនិយោគិនជនជាតិអាមេរិកម្នាក់នេះបានអះអាងថា បំណុលរបស់គាត់ទាំងអស់ គឺកើនឡើងដោយសារតែការវិនិយោគ មិនមែនដោយសារតែសម្ភារៈនិយមឡើយ តួយ៉ាងលុយដែលគាត់ជាប់បំណុលទាំងអស់ គឺកំពុងបង្វិលលើការវិនិយោគទៅលើវិស័យអចលនទ្រព្យ និង Bitcoin ជាដើម។
បន្ថែមពីនោះលោក៏បានបោះសម្ដីយ៉ាងឡូយទៀតថា បើសិនជាគាត់ក្ស័យធន ដោះបំណុលមិនរួចមែននោះ វាមិនមែនជាបញ្ហារបស់លោកតែម្នាក់ឡើយ ប៉ុន្តែជារឿងឈឺក្បាលរបស់ធនាគារ ដែលប្រឈមនឹងការបិទទ្វារថែមទៀត។

សូមជម្រាបដែរថា លោក Robert Kiyosaki មានឈ្មោះបោះសម្លេងយ៉ាងខ្លាំង ជាមួយនឹងចេញលក់សៀវភៅ Rich Dad Poor Dad ដែលជាសៀវភៅនិយាយពីចំណេះដឹងហិរញ្ញវត្ថុ និងការវិនិយោគលក់ដាច់បំផុតមួយលើលោក ប៉ុន្តែរបៀបនៃការគ្រប់គ្រងហិរញ្ញវត្ថុ និងការវិនិយោគរបស់បុរសម្នាក់នេះ គឺមានលក្ខណៈប្លែកខុសពីគេ និងផ្ទុយស្រឡះពីគំនិតវិនិយោគសម័យបុរាណ៕