កំពូលអ្នកមានដាច់គេនៅប្រទេសកូរ៉េខាងត្បូង លោក Jay Y. Lee និងក្រុមគ្រួសារ បានលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុន Samsung Electronics និងក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងទៀត បានទឹកប្រាក់ប្រហែល ២,៨ទ្រីលានវ៉ុន ឬប្រមាណ ២,១២ពាន់លានដុល្លារ ដើម្បីបង់ពន្ធមរតក ទៅកាន់រដ្ឋ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Seoul Economic Daily បានបង្ហាញថា ភាគហ៊ុនប្រហែលជិត ៣០លានហ៊ុន នៅក្រុមហ៊ុន Samsung Electronics ត្រូវបានលក់ចេញក្នុងតម្លៃទាបជាងទីផ្សារចន្លោះពី ១,២% ដល់ ២% ស្របពេលភាគហ៊ុននៅក្រុមហ៊ុន Samsung C&T, Samsung SDS និង Samsung Life Insurance ក៏ត្រូវបានលក់ចេញ ក្នុងគោលបំណងដូចគ្នាផងដែរ។
ចំណែកឯម្ចាស់ភាគហ៊ុនទាំងនោះគឺ ប្រធានក្រុមហ៊ុន Samsung លោក Jay Y. Lee និងបងប្អូនស្រីរបស់លោក ក៏ដូចជាម្ដាយបង្កើត អ្នកស្រី Hong Ra-hee ផងដែរ។
រំលឹកបន្តិចថា អត្រាបង់ពន្ធមរតកនៅប្រទេសកូរ៉េខាងត្បូង គឺមានរហូតដល់ ៥០% ឯណោះ ច្រើនជាងការបង់ពន្ធមរតកនៅតាមបណ្ដាប្រទេសផ្សេងៗ ដែលកំណត់ត្រឹម ២៥% ក៏ប៉ុន្តែចំនួននេះ គឺនៅទាបជាងប្រទេសជប៉ុន ដែលតម្រូវឲ្យបង់ពន្ធមរតកដល់ ៥៥%។
គូសជម្រាបបន្ថែមថា វាមិនមែនជារឿងចម្លែកទេ ដែលគ្រួសារមហាសេដ្ឋីនៅកូរ៉េខាងត្បូង ប្រកាសលក់ភាគហ៊ុនច្រើនសន្ធឹក ឯខ្លះទៀតដល់ថ្នាក់ខ្ចីធនាគារ ដើម្បីបង់ពន្ធមរតក ព្រោះវាប្រសើរជាងការរឹបអូសទ្រព្យសម្បត្តិទាំងស្រុង ពីរដ្ឋាភិបាល។ នេះបើតាមការអះអាងពីសារព័ត៌មាន The Korea Times៕