ក្រុមហ៊ុនភេសជ្ជៈខ្នាតយក្ស Thai Beverage Plc ហៅកាត់ ThaiBev បានរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ ដោយក្នុងនោះកូនប្រុសស្ថាបនិក និងជាមហាសេដ្ឋី Charoen Sirivadhanabhakdi គឺលោក Thapana Sirivadhanabhakdi នឹងឡើងកាន់តំណែងជាអនុប្រធានក្រុមហ៊ុន មានអំណាចខ្លាំងបំផុតបន្ទាប់ពីឪពុក។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Nationthailand។

ការកាន់តំណែងថ្មីនេះ នឹងអនុញ្ញាតិឲ្យ CEO វ័យ ២៧ឆ្នាំ មានសិទ្ធគ្រប់គ្រងលើក្រុមហ៊ុនទាំងមូល ស្របពេលមហាសេដ្ឋីថៃ លោក Charoen នៅតែជាប្រធានក្រុមប្រឹក្សាភិបាល និងជាអ្នកសម្រេចចិត្តចុងក្រោយនៅក្រុមហ៊ុនដដែល។
រំលឹកបន្តិចថា ក្រុមហ៊ុន ThaiBev ជាក្រុមហ៊ុនផលិតភេសជ្ជៈធំបំផុតនៅប្រទេសថៃ និងមានបណ្ដាញចែកចាយពាសពេញសកលលោក ដោយក្នុងនោះមានសាខាច្រើនជាង ២១៨ក្រុមហ៊ុន នៅច្រើនជាង ៩០ប្រទេសឯណោះ។
បន្ថែមពីនោះ ការផ្លាស់ប្ដូរក្បាលម៉ាស៊ីនថ្មីៗនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន ThaiBev ប្រកាសពីមហិច្ឆតា ពង្រីកអាជីវកម្មរបស់ខ្លួនឲ្យបានពាសពេញនៅបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយគោលដៅក្លាយជាអ្នកផ្គត់ផ្គង់ភេសជ្ជៈធំបំផុត នៅតំបន់អាស៊ានថែមទៀត៕