ព្រះអង្គម្ចាស់ Abdul Mateen បានបញ្ចប់ភាពលីវ កាលពីរសៀលម្សិលមិញ បន្ទាប់ពីទ្រង់បានរៀបអភិសេកជាមួយអ្នកនាង Anisha Rosnah Isa Kalebic ដែលជារាស្ត្រសាមញ្ញម្នាក់ និងជាចៅស្រីរបស់ទីប្រឹក្សាសម្ដេចស៊ុលតង់ ខណៈថ្លៃបណ្ណាការដែលព្រះអង្គម្ចាស់ប្រ៊ុយណេ ប្រគល់ជូនកូនក្រមុំគឺជាលុយសុទ្ធចំនួន ១ ០០០រីងហ្គីត ឬប្រហែល ៧៥០ដុល្លារប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Ruetir។
ព័ត៌មានខាងលើពិតជាធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ពោលមានក្ដីរំពឹងថា លុយថ្លៃបណ្ណាការ នឹងមានច្រើនលើសលុប ព្រោះនេះជាមង្គលការរបស់សែរាជវង្ស ប៉ុន្តែវាបែរជាមានចំនួនតិចតួច ហើយលុយ ១ ០០០រីងហ្គីតនេះគឺជាបណ្ណាការតែមួយមុខគត់ មិនមានភ្ជាប់ជាមួយគ្រឿងអលង្ការ គ្រឿងពេជ្រផ្សេងឡើយ។
ជម្រាបដែរថា បើទោះជាលុយថ្លៃបណ្ណាការមានតិចតួចជាងការរំពឹងទុករបស់មហាជន ប៉ុន្តែពិធីអភិសេករបស់ទ្រង់ ទទួលបានការជូនពរយ៉ាងច្រើនកោះករ ពីអ្នកប្រើប្រាស់បណ្ដាញសង្គម និងប្រជាពលរដ្ឋ ដែលសុទ្ធតែអះអាងថា លុយបណ្ណាការមិនសំខាន់ ដូចជាទឹកចិត្តស្រលាញ់របស់ទ្រង់ ទៅកាន់ភរិយាឡើយ។
រំលឹកបន្តិចថា ពិធីអភិសេករបស់ព្រះអង្គម្ចាស់ Mateen និងអ្នកនាង Anisha គឺមានរយៈពេល ១០ថ្ងៃឯណោះ ដោយចាប់ផ្ដើមពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៤៕