ទំហំពាណិជ្ជកម្មរវាងចិន និងរុស្ស៊ី កើនឡើងដល់កម្រិតបំបែកកំណត់ត្រាជាង ២៤០ពាន់លានដុល្លារ

អន្តរជាតិ

យោងតាមទិន្នន័យគយចិន បានបង្ហាញនៅថ្ងៃសុក្រ ទី១២ ខែមករាកន្លងទៅថា ពាណិជ្ជកម្មទ្វេភាគី ជាមួយប្រទេសរុស្ស៊ី នៅក្នុងឆ្នាំ២០២៣ បានកើនឡើងដល់ចំនួនជាង ២៤០ពាន់លានដុល្លារ ដែលជាការបង្កើតកំណត់ត្រាថ្មីមួយ ខណៈដែលប្រទេសទាំងពីរបានជំរុញឲ្យមានទំនាក់ទំនងសេដ្ឋកិច្ចកាន់តែជិតស្និទ្ធ ទោះបីជាកំពុងមានសង្គ្រាមនៅអ៊ុយក្រែនក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានCNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទំហំពាណិជ្ជកម្មគិតជាប្រាក់ដុល្លារ រវាងចិន និងរុស្ស៊ី បានកើនឡើងដល់ ២៤០,១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ ពោលគឺកើនឡើង ២៦,៣% បើធៀបទៅនឹងឆ្នាំមុន។

ចិនដែលជាប្រទេសប្រើប្រាស់ប្រេងកំពូលមួយរបស់ពិភពលោក បានក្លាយជាខ្សែជីវិតសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រទេសនាំចេញថាមពលរុស្ស៊ីដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការដាក់ទណ្ឌកម្មជាច្រើនពីសំណាក់ប្រទេសលោកខាងលិច។​ រដ្ឋាភិបាលទីក្រុងម៉ូស្គូ ក៏បានបង្កើនការទិញទំនិញរបស់ចិនយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ ដោយរាប់ចាប់ពីរថយន្ត រហូតដល់ស្មាតហ្វូន នៅពេលដែលក្រុមហ៊ុនអឺរ៉ុប និងអាមេរិកបានចាកចេញពីទីផ្សាររុស្ស៊ី។

រំលឹកបន្តិចថា ការនាំចេញរបស់ចិន ទៅកាន់ប្រទេសរុស្ស៊ីបានកើនឡើង ៤៦,៩% ក្នុងឆ្នាំ២០២៣ បើធៀបនឹងឆ្នាំមុន និងកើនឡើង ៦៤,២% បើធៀបទៅនឹងឆ្នាំ២០២១ នៅមុនពេលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនផ្ទុះឡើង។

ជម្រាបជូនផងដែរថា មេដឹកនាំ និងមន្ត្រីកំពូលៗជាច្រើននៃប្រទេសទាំងពីរ បានជួបពិភាក្សាទ្វេភាគីជាច្រើនលើកច្រើន សារ កាលពីឆ្នាំមុន ដោយបានធ្វើការសាទរភាពជាដៃគូ “គ្មានដែនកំណត់” របស់ពួកគេ ថែមទៀតផង៕