ប្រធានផ្នែកបុគ្គលិករបស់រដ្ឋាភិបាលអ៊ុយក្រែន លោក Andriy Yermak បានលើកឡើងថា ដើម្បីអាចបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី និងបើកការចរចាដោយសន្តិភាពបាន អ៊ុយក្រែនត្រូវការការចូលរួមពីប្រទេសចិនជាចាំបាច់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ថ្លែងនៅក្នុងវេទិការសេដ្ឋកិច្ចពិភពលោក ដែលកំពុងធ្វើឡើងនៅប្រទេសស្វីស រដ្ឋមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនរូបនេះសង្កត់ធ្ងន់ថា រដ្ឋាភិបាលអ៊ុយក្រែន ត្រូវតែរកវិធីសាស្ត្របញ្ចុះបញ្ចូលមហាអំណាចចិន ដែលជាសម្ព័ន្ធមិត្តត្បូងពេជ្ររបស់រុស្ស៊ី ក្នុងការជួយចរចាជាមួយរុស្ស៊ី ក្នុងការបញ្ចប់សង្គ្រាម ខណៈកន្លងមកការចរចាសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៊ី មិនដែលសម្រេចបានជោគជ័យឡើយ ប៉ុន្តែបើសិនជាមានវត្តមានប្រទេសចិន នៅក្នុងតុចរចានោះ លទ្ធផលអាចនឹងមានការផ្លាស់ប្ដូរ។

ទន្ទឹមនឹងនោះ លោក Ignazio Cassis ទីប្រឹក្សាសហព័ន្ធស្វីស ក៏បានបញ្ជាក់ទៀតថា៖ ប្រទេសចិនដើរតួយ៉ាងសំខាន់បំផុត ជុំវិញការដោះស្រាយវិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដូច្នេះហើយពួកយើងត្រូវតែរកមធ្យោបាយធ្វើការជាមួយចិន ដើម្បីអាចបញ្ចប់សង្គ្រាមមួយនេះឲ្យខាងតែបាន។
រំលឹកបន្តិចថា គិតមកទល់ពេលនេះ សង្គ្រាមរវាងអ៊ុយក្រែន និងប្រទេសរុស្ស៊ី បានអូសបន្លាយរយៈពេល ៦៩១ថ្ងៃហើយ។
កន្លងមក មហាអំណាចលោកខាងលិចបានទទូច សុំឲ្យចិនចូលរួមដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសរុស្ស៊ី ប៉ុន្តែមហាអំណាចអាស៊ីមួយនេះបដិសេធ ដោយអះអាងថា ពួកគេឈរនៅចំណុចអព្យាក្រឹត្យ និងព្យាយាមជួយរកដំណោះស្រាយដោយសន្តិវិធី ជុំវិញបញ្ហាមួយនេះជំនួស ជាជាងការចូលរួមដាក់ទណ្ឌកម្មលើសម្ព័ន្ធមិត្តត្បូងពេជ្ររបស់ខ្លួន៕