គេហទំព័រសារព័ត៌មាន China Daily បានធ្វើការចុះផ្សាយថា ក្រុមហ៊ុន BMW Group បានចែកចាយរថយន្តអគ្គិសនីរបស់ខ្លួនសរុបចំនួន ៩៩ ៩៧២គ្រឿងនៅក្នុងទីផ្សារប្រទេសចិនកាលពីក្នុងឆ្នាំ២០២៣ ពោលចំនួននេះគឺកើនឡើងជាង១៣៨% ពីមួយឆ្នាំទៅមួយឆ្នាំ។

កំណើនយ៉ាងឆាប់រហ័សនៃការលក់រថយន្តថាមពលអគ្គិសនីនៅក្នុងប្រទេសចិន បានជំរុញឱ្យមានតម្រូវការឧបករណ៍សាកថ្ម និងឧបករណ៍បន្ថែមថាមពល។ ដោយកាលពីខែសីហា ក្រុមហ៊ុន BMW បានចាប់ផ្តើមដាក់ដំណើរការស្ថានីយ៍សាកថ្ម ដែលមានកម្រិតថាមពលខ្ពស់ អាចមានសមត្ថភាពបញ្ចូលថាមពលបានរហូតដល់ទៅ ៦០០គីឡូវ៉ាត់។
មិនត្រឹមតែប៉ុណ្ណោះ នៅចុងឆ្នាំ២០២៣ បណ្តាញសាកថ្មសាធារណៈរបស់ BMW មានកន្លែងសាកថ្មសាធារណៈជាង ៥៨០ ០០០ទីតាំងនៅទូទាំងប្រទេស ដែលគ្របដណ្តប់លើទីក្រុងជាង៣២០ ។
គួរជម្រាបបន្ថែមថានៅឆ្នាំ២០២៣ ក្រុមហ៊ុន BMW Group បានចែកចាយរថយន្ត BMW និង MINI សរុបជាង ៨២០ ០០០គ្រឿងនៅក្នុងទីផ្សារប្រទេសចិន៕