ជប៉ុន គ្រោងបង្កើនថវិកាជាតិដល់ជិត ៧ពាន់លានដុល្លារ ដើម្បីដោះស្រាយគ្រោះរញ្ជួយដីធ្ងន់ធ្ងរ

អន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយកាលពីថ្ងៃអាទិត្យ ទី១៤ ខែមករាកន្លងទៅថា រដ្ឋាភិបាលរបស់ខ្លួន គ្រោងនឹងបង្កើនថវិកាបម្រុងទ្វេដង ដល់ ១ទ្រីលានយ៉េន (៦,៩ពាន់លានដុល្លារ) ក្នុងការដោះស្រាយគ្រោះរញ្ជួយដីធ្ងន់ធ្ងរដែលបានកើតឡើងកាលពីដើមខែនេះកន្លងទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Kishida បានប្រកាសពីផែនការថ្មីនេះ បន្ទាប់ពីលោកបានបំពេញទស្សនកិច្ចទៅកាន់តំបន់ដែលត្រូវបានបំផ្លិចបំផ្លាញធ្ងន់ធ្ងរ នៅក្នុងខេត្ត Ishikawa និងតំបន់ជុំវិញនោះ ដើម្បីវាយតម្លៃការខូចខាត និងជួបប្រជាពលរដ្ឋដែលរងផលប៉ះពាល់។

កញ្ចប់ថវិកាសង្គ្រោះបន្ទាន់នេះ នឹងមានវិធានការដូចជាការធានាលំនៅដ្ឋានបណ្តោះអាសន្នសម្រាប់អ្នកដែលរងផលប៉ះពាល់ និងការកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាត ដោយសារគ្រោះរញ្ជួយដីកម្រិត ៧,៦ រ៉ិចទ័រ ដែលបានវាយប្រហារមកលើឧបទ្វីប Noto ក្នុងតំបន់ឆ្នេរសមុទ្រជប៉ុន។

គួរឲ្យដឹងថា ផែនការនេះក៏នឹងរួមបញ្ចូលផងដែរនូវជំហានដើម្បីកែច្នៃកាកសំណល់ពីគ្រោះមហន្តរាយឡើងវិញ រួមទាំងការជួយកសាងឡើងវិញនូវឧស្សាហកម្ម កសិកម្ម វិស័យនេសាទ និងទេសចរណ៍ ផងដែរ។

កាលពីសប្តាហ៍មុន គណៈរដ្ឋមន្ត្រីរបស់លោក Kishida បានយល់ព្រមពង្រីកទំហំថវិកាដល់ ៤,៧៤ពាន់លានយ៉េន ពីមូលនិធិបំរុងក្រោមថវិកាសារពើពន្ធឆ្នាំ ២០២៣ ដើម្បីជួយដល់វិធានការផ្តល់ហិរញ្ញប្បទាន រួមទាំងជំនួយដល់អ្នកស្រុកដែលរងផលប៉ះពាល់។

ជម្រាបជូនផងដែរថា ចំនួនអ្នកស្លាប់ដោយសារគ្រោះមហន្តរាយនេះ បានកើនឡើងដល់ ២២៣ នាក់គិតត្រឹមថ្ងៃសៅរ៍ សប្តាហ៍មុន ដោយប្រជាជននៅតំបន់រងគ្រោះដោយសារគ្រោះរញ្ជួយដីនោះ បានប្រឈមមុខនឹងបញ្ហាផ្លូវថ្នល់ដាច់ និងគ្មានទឹកផ្គត់ផ្គង់៕