រដ្ឋាភិបាលឥណ្ឌូនេស៊ីបានយល់ព្រមជាមួយទីភ្នាក់ងារដឹកជញ្ជូនរដ្ឋ (Bulog) ដើម្បីនាំចូលអង្ករចំនួន ២លានតោននៅក្នុងឆ្នាំ២០២៤នេះ ដើម្បីធានាបាននូវអង្ករបម្រុងរបស់រដ្ឋាភិបាល (CBP) និងទប់ទល់ការផ្គត់ផ្គង់ស្បៀងមិនគ្រប់គ្រាន់នៅក្នុងប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។
កាលពីថ្ងៃទី១១ ខែមករាប្រធានក្រុមហ៊ុន Bulog លោក Bayu Krisnamurthi បានលើកឡើងថា កិច្ចការនាំចូលអង្ករចំនួន ២លានតោនកាលពីក្នុងឆ្នាំ ២០២៣ បានជួបការលំបាកដោយសារបញ្ហាដឹកជញ្ជូន។ បញ្ហាដីល្បាប់នៅក្នុងប្រឡាយស៊ុយអេ និងជម្លោះនៅមជ្ឈិមបូព៌ាបានរារាំងការផ្គត់ផ្គង់អាហារនាំចូល។ ក៏ប៉ុន្តែនៅបច្ចុប្បន្ននេះ អង្ករបម្រុងនៅក្នុងឃ្លាំង Bulog នៅតែរក្សាបានដោយសុវត្ថិភាព។ ឃ្លាំង Bulog នឹងធានាដល់ការផ្គត់ផ្គង់អង្ករប្រមាណ ១,៣លានតោន សម្រាប់ការចែកចាយក្នុងក្របខណ្ឌជំនួយ ក៏ដូចជាប្រតិបត្តិការទីផ្សារដែលចាប់ផ្តើមពីខែមករា ឆ្នាំ២០២៤ទៅនេះ ។
យោងតាមលោក Bayu បានបន្ថែមទៀតថា តម្លៃអង្ករនឹងឃើញពីនិន្នាការនៃការកើនឡើងនៅឆ្នាំ២០២៤នេះ ដោយសារផលិតកម្មក្នុងស្រុកមានការការងើបឡើងវិញយឺត ថ្លៃដើមផលិតកម្មខ្ពស់ ជាពិសេសជី និងគោលនយោបាយការពារប្រភពផ្គត់ផ្គង់នៃប្រទេសផលិតស្រូវ។ ដូច្នេះហើយ គោលនយោបាយនាំចូលអង្ករ នឹងត្រូវបន្តអនុវត្តនាពេលដ៏ខ្លីខាងមុខ។
គួរជម្រាបដែរថា កន្លងមកប្រធានាធិបតី ចូកូ វីដូដូ បានបញ្ជាក់ថា ឥណ្ឌូនេស៊ីនឹងនាំចូលអង្ករចំនួន ១លានតោនពីឥណ្ឌា និង ២លានតោនពីប្រទេសថៃ ដើម្បីធានាសុវត្ថិភាពនៃទុនបម្រុងអង្ករជាតិរបស់ឥណ្ឌូនេស៊ីនៅឆ្នាំ២០២៤៕