ក្រុមហ៊ុន Microsoft បានផ្ដួលក្រុមហ៊ុន Apple ក្លាយជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតនៅលើពិភពលោក បន្ទាប់ពីក្រុមវិនិយោគសម្រុកចាក់លុយបណ្ដាក់ទុន ក្រោយក្រុមហ៊ុនខ្នាតយក្សអាមេរិកមួយនេះ ប្រកាសពីគម្រោងផលិតបច្ចេកវិទ្យា AI ពេញទំហឹង។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ការផ្ដោតសំខាន់លើបច្ចេកវិទ្យា AI បានអូសទាញក្រុមវិនិយោគជាច្រើន មកបណ្ដាក់ទុនជាមួយ Microsoft ដែលជាសញ្ញាណល្អ ធ្វើឲ្យតម្លៃហ៊ុនរបស់ពួកគេ កើនឡើងជាលំដាប់។
បច្ចុប្បន្ន តម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុន Microsoft មានរហូតដល់ ២,៨៨៧ទ្រីលានដុល្លារ ស្របពេលក្រុមហ៊ុន Apple មានមូលធនទីផ្សារប្រមាណ ២,៨៧៤ទ្រីលានដុល្លារ។ នេះបើតាមរបាយការណ៍ពីវិទ្យាស្ថានស្រាវជ្រាវ LSEG។
កត្តាដែលធ្វើឲ្យក្រុមហ៊ុន Apple របូតងារជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតលើលោក គឺបណ្ដាលមកពីហានិភ័យនៃតម្រូវការនៅប្រទេសចិន ដែលបច្ចុប្បន្ននេះអត្រាលក់របស់ក្រុមហ៊ុនខ្នាតយក្សអាមេរិក កំពុងមានការធ្លាក់ចុះខ្លាំងនៅទីផ្សារទូរស័ព្ទធំបំផុតលើសកលលោក៕