សារព័ត៌មាន Nikkei បានរាយការណ៍ថា ក្រុមហ៊ុនរថយន្តលំដាប់ថ្នាក់ពិភពលោក Toyota Motor មានបំណងផលិតរថយន្តប្រមាណ ១០,៣លានគ្រឿងទូទាំងសកលលោក នៅក្នុងឆ្នាំ២០២៤ ដែលជាចំនួនច្រើនបំផុតមួយរបស់ក្រុមហ៊ុន។
ប្រភពខាងដើមបានបញ្ជាក់ថា ចន្លោះពេលពេញមួយឆ្នាំនេះ ក្រុមហ៊ុនលក់រថយន្តបានច្រើនបំផុតលើលោក មានបំណងផលិតរថយន្តប្រហែល ៣,៤លានគ្រឿងនៅក្នុងប្រទេសជប៉ុន និង ៦,៩លានគ្រឿងទៀត សម្រាប់ចែកចាយលើពិភពលោក។
ក្រុមហ៊ុនខ្នាតយក្សជប៉ុននេះ ក៏កំពុងត្រៀមខ្លួនយ៉ាងសកម្មក្នុងការផលិតរថយន្ត ដោយសារមានកំណើនតម្រូវការចំពោះរថយន្តប្រភេទ Hybrid ស្របពេលការផ្គត់ផ្គង់គ្រឿងបង្គុំ និងបន្ទះឈីបរថយន្ត ក៏លែងជាបញ្ហាចោទសម្រាប់ក្រុមហ៊ុនមួយនេះផងដែរ។
បន្ថែមពីនោះ ក្រុមហ៊ុន Toyota ក៏មានបំណងផលិតរថយន្តអគ្គិសនីប្រមាណ ២៥០ ០០០គ្រឿងនៅក្នុងឆ្នាំ២០២៤ និងបង្កើនការផលិតរហូតដល់ ៦០០ ០០០គ្រឿងនៅក្នុងឆ្នាំ២០២៥ ថែមទៀតផង។
រំលឹកបន្តិចថា ក្រុមហ៊ុន Toyota បានផលិតរថយន្តរហូតដល់ ៩,២លានគ្រឿង ក្នុងរយៈពេល ១១ខែដំបូង កាលពីឆ្នាំ២០២៣ ស្របពេលរថយន្តប្រមាណ ១/៣ នៃចំនួននោះ ត្រូវបានលក់នៅលើសកលលោក ជាប្រភេទរថយន្ត Hybrid អគ្គិសនី និងសាំង៕