ឥណ្ឌានាំចេញទំនិញរហូតដល់ជិត ៤០ពាន់លានដុល្លារ កាលពីខែមុន

អន្តរជាតិ

រដ្ឋាភិបាលសហព័ន្ធកាលពីថ្ងៃទី១៥ ខែមករាបានប្រកាសថា ការនាំចេញទំនិញរបស់ប្រទេសឥណ្ឌាក្នុងខែធ្នូ ឆ្នាំ២០២៣មានតម្លៃ ៣៨,៤៥ ពាន់លានដុល្លារកើនឡើង១% ពីមួយឆ្នាំទៅមួយឆ្នាំ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មានចិន Xinhua ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីប្រកាសផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសហព័ន្ធបាននិយាយថា កត្តាដែលរួមចំណែកសំខាន់ៗនៅក្នុងកំណើននៃការនាំចេញរួមមាន ទំនិញវិស្វកម្ម រ៉ែដែក ត្បូង គ្រឿងអលង្ការ ក៏ដូចជាទំនិញអេឡិចត្រូនិក និងឱសថជាដើម។

ក្នុងនោះដែរ នៅអំឡុងខែធ្នូ ឆ្នាំ២០២៣ ទំនិញវិស្វកម្មមានតម្លៃ ១០,០៤ពាន់លានដុល្លារ ដែលនេះអាចថាជាការនាំចេញទំនិញប្រភេទវិស្វកម្មខ្ពស់បំផុតប្រចាំខែក្នុងឆ្នាំហិរញ្ញវត្ថុបច្ចុបន្ន ស្របពេលឆ្នាំហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌារាប់ចាប់ពីថ្ងៃទី១ ខែមេសាជារៀងរាល់ឆ្នាំ ហើយបញ្ចប់នៅថ្ងៃទី៣១ ខែមីនាក្នុងឆ្នាំបន្ទាប់។

ជាមួយគ្នា ការនាំចេញត្បូង និងគ្រឿងអលង្ការ មានភាពប្រសើរឡើង១៤,០៧% នៅចំនួន ២,៩០ពាន់លានដុល្លារពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលការនាំចេញទំនិញអេឡិចត្រូនិកបានកើនឡើង១៤,៤១%កាលពីអំឡុងខែធ្នូ ដែលនេះជាការនាំចេញគ្រឿងអេឡិចត្រូនិកប្រចាំខែបានខ្ពស់បំផុតក្នុងឆ្នាំហិរញ្ញវត្ថុបច្ចុបន្ន ចំណែកឯការនាំចេញផលិតផលថ្នាំ និងឱសថវិញមានតម្លៃ ២,៤៧ពាន់លានដុល្លារ កើនឡើង៩,៣០%បើធៀបនឹងខែធ្នូដូចគ្នាកាលពីឆ្នាំ២០២២។

មិនត្រឹមតែប៉ុណ្ណោះ សេចក្តីប្រកាសផ្លូវការក៏បាននិយាយផងដែរថា ឱនភាពពាណិជ្ជកម្មរួមរបស់ប្រទេសឥណ្ឌា រាប់ពីខែមេសា ដល់ខែធ្នូ ឆ្នាំ២០២៣ មានភាពល្អប្រសើរឡើង៣៥,៨៧% ដល់ចំនួន ៦៩,៣៤ពាន់លានដុល្លារ ខណៈដែលឱនភាពពាណិជ្ជកម្មទំនិញបានប្រសើរឡើង១១,៤៥% ពីមួយឆ្នាំទៅមួយឆ្នាំដល់ចំនួន ១៨៨,០២ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នានេះ៕