ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឯកជនធំបំផុតនៅប្រទេសចិន គឺ Country Garden បានព្យាករណ៍ថា ទីផ្សារអលនទ្រព្យនៅមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ នឹងនៅតែមានសន្ទុះអន់ខ្សោយ នៅក្នុងឆ្នាំ២០២៤។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុនចិនជាប់បំណុល ១១ពាន់លានដុល្លារមួយនេះ អះអាងថា ទីផ្សារអចលនទ្រព្យនៅចិន គឺកំពុងប្រឈមនឹងហានិភ័យធ្ងន់ធ្ងរ ហើយនៅមិនទាន់អាចវិលមករកសភាពល្អវិញឡើយ។
ជាមួយគ្នា ប្រធានក្រុមហ៊ុន Country Garden លោកស្រី Yang Huiyan បានបញ្ជាក់ទៀតថា ក្រុមហ៊ុនក៏បានត្រៀមខ្លួនប្រឈមនឹងបញ្ហាផ្សេងៗនៅឆ្នាំនេះ ដែលអាចនឹងយ៉ាប់ជាងឆ្នាំមុនទៀត ប៉ុន្តែក្រុមហ៊ុនត្រូវតែព្យាយាមដោះស្រាយវាដោយសន្តិវិធី។
ជម្រាបបន្ថែមថា សម្រាប់គោលដៅក្នុងឆ្នាំ២០២៤នេះ ក្រុមហ៊ុន Country Garden នៅតែផ្ដល់អាទិភាព លើការពន្លឿនការសាងសង់ផ្ទះជូនអតិថិជន ជាមួយផែនការបញ្ចប់គម្រោងប្រមាណ ៤៨០ ០០០ខ្នងសម្រាប់អតិថិជន ខណៈចំនួននេះគឺតិចជាងប្រហែល ២០% បើធៀបនឹងឆ្នាំ២០២៣ ដែលក្រុមហ៊ុនបានបញ្ចប់គម្រោង ៦០០ ០០០ខ្នង និងជាតួលេខខ្ពស់បំផុតសម្រាប់ក្រុមហ៊ុនអចលនទ្រព្យទាំងអស់នៅប្រទេសចិន៕