ប្រធានក្រុមហ៊ុនខ្នាតយក្សវៀតណាម Masan Group បាត់មុខពីបញ្ជី Forbes សារជាថ្មី

អន្តរជាតិ

លោក Nguyen Dang Quang ប្រធានក្រុមហ៊ុនលក់ទំនិញរាយខ្នាតយក្សវៀតណាម Masan Group ត្រូវបានដកចេញពីបញ្ជីមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុត របស់ទស្សនាវដ្ដី Forbes សារជាថ្មី ពោលត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ បន្ទាប់លោកលេចវត្តមានក្នុងបញ្ជីនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការចុះផ្សាយពីសារព័ត៌មាន VN Express បានរាយការណ៍ថា លោក Quang បានបាត់មុខពីបញ្ជីមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុត កាលពីថ្ងៃចន្ទ ទី១៥ ខែមករាកន្លងទៅ បន្ទាប់ពីលោកត្រូវបានទស្សនាវដ្តី Forbes ដាក់ចូលក្នុងបញ្ជីរបស់ខ្លួន កាលពីថ្ងៃទី៣ ខែមករា ជាមួយនឹងទ្រព្យសម្បត្តិប៉ាន់ស្មានសរុបប្រមាណ ១ពាន់លានដុល្លារ។

ជុំវិញមូលហេតុដែលធ្វើឲ្យ លោក Quang ធ្លាក់ចេញពីបញ្ចីឈ្មោះរបស់ Forbes នេះ គឺបណ្តាលមកពីតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Masan Group MSN បានធ្លាក់ចុះរហូតដល់ទៅ ៣% គិតចាប់តាំងពីថ្ងៃទី៣ ខែមករាមក។

ជម្រាបជូនផងដែរថា បច្ចុប្បន្ននេះ មានមហាសេដ្ឋីវៀតណាមត្រឹមតែ ៥រូបប៉ុណ្ណោះ ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីអ្នកមានទ្រព្យសម្បត្តិច្រើនបំផុតរបស់ Forbes ដោយក្នុងនោះ មានលោក Pham Nhat Vuong ប្រធានក្រុមហ៊ុន Vingroup ស្ថិតនៅលំដាប់កំពូលជាមួយនឹងទឹកប្រាក់សរុបចំនួន ៤,៥ពាន់លានដុល្លារ ប្រធាន​ក្រុមហ៊ុន Vietjet លោកស្រី Nguyen Thi Phuong Thao ឈរលេខ២ មានទ្រព្យសម្បត្តិ ២,៣ពាន់​លាន​ដុល្លារ និងលោក Tran Dinh Long ប្រធាន​ក្រុមហ៊ុន​ដែកថែប Hoa Phat Group មាន​ទឹកប្រាក់ចំនួន ២,២ពាន់​លាន​ដុល្លារ។

ចំណែកឯបុគ្គលពីររូបផ្សេងទៀត ដែលបានជាប់ក្នុងបញ្ជីនេះដែរនោះ គឺលោក Tran Ba Duong ប្រធានក្រុមហ៊ុន Truong Hai Auto Corporation និងក្រុមគ្រួសាររបស់លោក រួមជាមួយនឹងប្រធានក្រុមហ៊ុន Techcombank លោក Ho Hung Anh ដោយម្នាក់ៗមានទ្រព្យសម្បត្តិសុទ្ធចំនួន ១,៤ពាន់លានដុល្លារ៕