មេដឹកនាំកំពូលអាស៊ាន ៤រូបប៉ុណ្ណោះ ទទួលបានការអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២៤

អន្តរជាតិ

មេដឹកនាំកំពូលអាស៊ាន ៤រូបប៉ុណ្ណោះ ទទួលបានការអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វេទិកាសេដ្ឋកិច្ចពិភពលោកលើកទី៥៤ ហៅកាត់ WEF កំពុងធ្វើឡើងនៅក្នុងទីក្រុង Davos ប្រទេសស្វីស ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៩ ខែមករា ក្រោមការចូលរួមពីមេដឹកនាំកំពូលមកពីច្រើនជាង ១០០ប្រទេស និងធុរកិច្ចជនជាន់ខ្ពស់ ក៏ដូចជាស្ថាប័នធំៗនានា សរុបច្រើនជាង ២ ៥០០នាក់។

ដោយឡែក សម្រាប់មេដឹកនាំកំពូលអាស៊ាន ដែលកំពុងបង្ហាញវត្តមាននៅក្នុងវេទិកា WEF ប្រចាំឆ្នាំសារនេះ គឺមានដូចជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃ និងប្រធានាធិបតីសិង្ហបុរីទើបឡើងកាន់តំណែង លោក Tharman Shanmugaratnam។

រំលឹកបន្តិចថា វេទិកាសេដ្ឋកិច្ចពិភពលោក គឺជាកម្មវិធីដែលតែងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ហើយគ្រប់បុគ្គលដែលចូលរួមនៅក្នុងកម្មវិធីមួយនេះ គឺត្រូវតែទទួលបានការអញ្ជើញពី WEF។

ការទទួលបានលិខិតអញ្ជើញចូលរួមវេទិកា WEF គឺជាការបង្ហាញឲ្យឃើញថា ប្រទេសកម្ពុជា គឺជាប្រទេសកំពុងមានសេដ្ឋកិច្ចរីកចម្រើន និងការអភិវឌ្ឍន៍ខ្ពស់មួយនៅក្នុងតំបន់អាស៊ាន ហើយថែមទាំងអាចចូលរួមតុជាមួយមហាអំណាចធំៗ ក្នុងការផ្ដល់យោបល់សម្រាប់ដោះស្រាយបញ្ហានានា ដែលកំពុងកើតមានលើពិភពលោក

ជម្រាបដែរថា វេទិកាសេដ្ឋកិច្ចពិភពលោក បង្កើតឡើងដំបូងនៅក្នុងឆ្នាំ១៩៧១ ដោយសេដ្ឋកិច្ចវិទូកូនកាត់ស្វីស និងអាល្លឺម៉ង់ លោក Klaus Schwab ក្នុងគោលបំណងប្រមូលផ្ដុំវិស័យឯកជន និងសាធារណៈ ក៏ដូចជាបុគ្គលមានឥទ្ធិពល និងមហាអំណាចសេដ្ឋកិច្ចធំៗ ស្វែងរកដំណោះស្រាយចំពោះ​បញ្ហាដែលកំពុងកើតមានលើសកលលោក៕