ទីភ្នាក់ងារវិនិយោគបរទេសក្រោមក្រសួងផែនការ និងវិនិយោគ (MPI) បានឱ្យដឹងថា វៀតណាមបានទាក់ទាញគម្រោងវិនិយោគពីបរទេសចំនួន៣៩ ១៤០ ដែលមានដើមទុនចុះបញ្ជីសរុបជាង ៤៦៨,៩១ ពាន់លានដុល្លារត្រឹមដំណាច់ឆ្នាំ២០២៣។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន VNA ។
ក្នុងនោះ តំបន់សេដ្ឋកិច្ចពិសេសភាគខាងត្បូងនៃទីក្រុងហូជីមិញ បានជាប់ចំណាត់ថ្នាក់កំពូលដែលទាក់ទាញការវិនិយោគពីបរទេសច្រើនបំផុត ជាមួយនឹងគម្រោងចំនួន១២ ៣៩៨ ដែលមានតម្លៃ ៥៧,៦៣ពាន់លានដុល្លារ ស្មើនឹង៣១,៦៧% នៃចំនួនគម្រោងសរុប និងជិត១៣% នៃដើមទុនដែលបានចុះបញ្ជីសរុប។
ទន្ទឹមនឹងនេះ គម្រោងចំនួន៧ ៣៦៣ ដែលមានដើមទុនប្រមាណ ៤១,១៧ពាន់លានដុល្លារត្រូវបានវិនិយោគនៅក្នុងទីក្រុងហូជីមិញ ខណៈដែលខេត្ត Binh Duong ជាប់ចំណាត់ថ្នាក់លេខបីតាមពីក្រោយទីក្រុងហូជីមិញ ជាមួយនឹងគម្រោងចំនួន៤ ២១៧ ដែលមានតម្លៃសរុប ៤០,៤ពាន់លានដុល្លារ។
ជាមួយគ្នានេះផងដែរ ត្រឹមតែនៅក្នុងឆ្នាំ២០២៣ប៉ុណ្ណោះ ប្រទេសវៀតណាមបានសម្រេចលើការទាក់ទាញវិនិយោគិនពីបរទេសសរុបជាទំហំទឹកប្រាក់ប្រមាណ ៣៦,៦ពាន់លានដុល្លារកើនឡើងជាង៣២% ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលគោលដៅវិនិយោគសំខាន់ៗរួមមានទីក្រុង Ho Chi Minh, Hai Phong, Quang Ninh, Bac Giang, Ha Noi, Bac Ninh, Binh Duong និង Dong Nai ។
គួរបញ្ជាក់ថា តាមរយៈការសង្កេតឃើញនាពេលកន្លងមកនេះ លំហូរវិនិយោគបរទេសចូលមកវៀតណាម នៅតែផ្តោតជាសំខាន់លើខេត្ត ក្រុងណាដែលមានគុណសម្បត្តិច្រើន ដូចជាហេដ្ឋារចនាសម្ព័ន្ធអំណោយផល ធនធានមនុស្ស កំណែទម្រង់រដ្ឋបាល ក៏ដូចជាកត្តាលីករដែលមានសារៈសំខាន់ជាច្រើនផ្សេងៗទៀត ដែលជំរុញដល់ការវិនិយោគ៕