Apple បញ្ចប់តំណែងរយ:ពេល ១២ឆ្នាំរបស់ Samsung ក្នុងនាមជាក្រុមហ៊ុនលក់ទូរស័ព្ទដាច់បំផុតលើលោក

អន្តរជាតិ

យោងតាមទិន្នន័យផ្លូវការមួយបានបង្ហាញឲ្យដឹងថា ឥឡូវនេះ Apple បានក្លាយជាក្រុមហ៊ុនដែលលក់ស្មាតហ្វូនដាច់ច្រើនជាងគេបំផុតនៅលើពិភពលោក ដោយផ្តួលក្រុមហ៊ុនគូប្រជែង Samsung ជាលើកដំបូង ក្រោយពួកគេបានកាន់កាប់តំណែងនេះអស់រយ:ពេល ១២ឆ្នាំកន្លងមក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមប្រភពទិន្នន័យពីសាជីវកម្មទិន្នន័យអន្តរជាតិ (IDC) ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ទី១៥ ខែមករាកន្លងទៅ បានបង្ហាញថាក្រុមហ៊ុនផលិតទូរស័ព្ទ iPhone បានដណ្តើមតំណែងរបស់ក្រុមហ៊ុន Samsung នៅក្នុងការលក់សម្រាប់ឆ្នាំ២០២៣ ជាមួយនឹងចំនួនសរុប ២៣៤,៦ លានគ្រឿង បើធៀបទៅនឹងការលក់របស់ក្រុមហ៊ុនខ្នាតយក្សកូរ៉េខាងត្បូងដែលមានចំនួនត្រឹម ២២៦,៦ លានគ្រឿង។

ជាមួយគ្នានេះផងដែរ IDC បាននិយាយទៀតថា ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាមេរិក បានគ្រប់គ្រងចំណែកទីផ្សារស្មាតហ្វូនពិភពលោករហូតដល់ទៅ ២០,១% ដោយធ្វើការនាំមុខទៅលើក្រុមហ៊ុន Samsung ដែលមានចំណែកទីផ្សារត្រឹម ១៩,៤% នៅក្នុងឆ្នាំ ២០២៣។

ជុំវិញ​លទ្ធផល​ដ៏គួរឲ្យកត់សម្គាល់នេះ អ្នកវិភាគមកពីស្ថាប័នដានទីផ្សារ បាននិយាយថា ការកើនឡើងរបស់ក្រុមហ៊ុន Apple គឺដោយសារតែភាពជោគជ័យនៃឧបករណ៍ទំនើបៗរបស់ពួកគេ ដូចជាទូរស័ព្ទ iPhone ជាដើម។

ជម្រាបជូនផងដែរថា ការនាំចេញស្មាតហ្វូនទូទាំងពិភពលោកបានធ្លាក់ចុះ ៣,២% មកនៅត្រឹមចំនួន ១,១៧ ពាន់លានគ្រឿង ក្នុងឆ្នាំ២០២៣ កន្លងទៅ ខណ:ពេល IDC បានព្យាករទុកថាឧស្សាហកម្មនេះ កំពុងមានការងើបឡើងវិញហើយ ដូចអ្វីដែលបានរំពឹងទុកសម្រាប់ឆ្នាំ ២០២៤ នេះ៕