ឥណ្ឌូនេស៊ី គ្រោងបញ្ចេញថវិកាជាតិ ១២ពាន់លានដុល្លារ ដើម្បីឧបត្ថម្ភធនលើថាមពលនៅឆ្នាំនេះ

អន្តរជាតិ

រដ្ឋមន្ត្រីក្រសួងថាមពល និងធនធានរ៉ែរបស់ឥណ្ឌូនេស៊ី លោក Arifin Tasrif បានបង្ហាញឲ្យដឹងថា រដ្ឋាភិបាលរបស់ខ្លួន កំពុងកំណត់គោលដៅប្រើប្រាស់ថវិកាជាតិចំនួន ១៨៦,៩ទ្រីលានរូពី (១២ពាន់លានដុល្លារ) សម្រាប់ការឧបត្ថម្ភធនលើថាមពល នៅឆ្នាំ២០២៤ នេះ។​ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Tasrif បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៥ ខែមករាកន្លងទៅថា ទឹកប្រាក់សរុបសម្រាប់ការឧបត្ថម្ភធនលើប្រេងឥន្ធនៈ និងហ្គាស់ (LPG) ត្រូវបានកំណត់គោលដៅចំនួន ១១៣,៣ទ្រីលានរូពី ខណៈទឹកប្រាក់ចំនួន ៧៣,៨ទ្រីលានរូពីផ្សេងទៀត សម្រាប់ការឧបត្ថម្ភធនលើអគ្គិសនី។

បើតាមរដ្ឋមន្ត្រីរូបនេះ បានសង្កត់ធ្ងន់ទៀតថា រដ្ឋាភិបាល​ឥណ្ឌូនេស៊ី បាន​ពិចារណា​បន្ត​ផ្តល់​ការឧបត្ថម្ភធនលើ​ថាមពល ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​រក្សា​អំណាចនៃការ​ទិញ​របស់​ប្រជាជន ដោយរំពឹងថាអាចនឹងមានការកើនឡើង​នៃ​តម្លៃ និង​តម្រូវការ​ថាមពល ជាពិសេស​ប្រេងឆៅ​។

ជម្រាបជូនទៀតផងដែរថា ក្រសួងថាមពល និងធនធានរ៉ែរបស់ឥណ្ឌូនេស៊ី ក៏មានគោលដៅបើកភ្នាក់ងារចែកចាយប្រេងឥន្ធនៈក្នុងតម្លៃសមរម្យ យ៉ាងតិច ១០០ កន្លែងក្នុងឆ្នាំនេះ ដើម្បីសម្រេចបានសមភាពតម្លៃប្រេងឥន្ធនៈនៅទូទាំងប្រទេស៕