CEO ក្រុមហ៊ុន Google ប្រាប់បុគ្គលិកឲ្យត្រៀមខ្លួន ព្រោះត្រូវកាត់បន្ថយបុគ្គលិកច្រើនទៀត

អន្តរជាតិ

នាយកប្រតិបត្តិក្រុមហ៊ុន Google លោក Sundar Pichai បានប្រាប់ទៅកាន់ក្រុមបុគ្គលិកថា ត្រូវត្រៀមចិត្តឲ្យរួចរាល់ ដ្បិតក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនយក្ស Alphabet មានគម្រោងកាត់បន្ថយបុគ្គលិកជាច្រើននាក់ទៀត នៅក្នុងឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Verge។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

CEO ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ ក៏បានបង្ហើបថា ការជំរុះបុគ្គលិកនៅក្នុងឆ្នាំនេះ គឺមិនមានចំនួនច្រើនដូចឆ្នាំមុនឡើយ ប៉ុន្តែក្រុមហ៊ុននៅតែត្រូវបង្ខំចិត្តដកបុគ្គលិកមួយចំនួន តាមផ្នែកដែលមិនចាំបាច់ និងផ្ដោតលើការផលិតបច្ចេកវិទ្យា AI ជំនួសវិញ។

បន្ថែមពីនោះសារព័ត៌មាន Reuters ក៏បានរាយការណ៍ទៀតថា ការកាត់បន្ថយបុគ្គលិករបស់ Google នៅឆ្នាំនេះ ហាក់ជាសញ្ញាបង្ហាញឲ្យដឹងថា ក្រុមហ៊ុនធំៗកំពុងមមាញឹក ផលិតយានយន្ត និងបច្ចេកវិទ្យាទំនើបៗ សម្រាប់ជំនួសការងាររបស់មនុស្សធម្មតា។

សូមជម្រាបដែរថា កាលពីខែកញ្ញ ឆ្នាំ២០២៣ ក្រុមហ៊ុន Google បានកាត់បន្ថយបុគ្គលិករហូតដល់ជាង ១៨ម៉ឹននាក់ ខណៈផែនការកាត់បន្ថយបុគ្គលិកសម្រាប់​ឆ្នាំ២០២៤ នៅមិនទាន់ទម្លាយពីចំនួនជាក់លាក់នៅឡើយទេ៕