កម្ពុជា និងឡាវ បានធ្វើការអះអាងសារជាថ្មីចំពោះការប្តេជ្ញាចិត្តក្នុងកិច្ចសហប្រតិបត្តិការលើវិស័យថាមពលរវាងប្រទេសទាំងពីរបន្ថែមទៀត ក្នុងអំឡុងពេលកិច្ចប្រជុំនាពេលថ្មីៗនេះ រវាងនាយករដ្ឋមន្ត្រីឡាវ លោក សន សៃ ស៊ីផាន់ដន និងរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា លោក កែវ រតនៈ នៅទីក្រុងវៀងចន្ទន៍។
ដូចដែលបានរាយការណ៍ដោយសារព័ត៌មាន Khmer Times បានបង្ហាញឲ្យដឹងថា ដើម្បីជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញតម្រូវការថាមពលដែលកំពុងមានការកើនឡើង កម្ពុជា បាននាំចូលប្រហែល ២៥% នៃតម្រូវការថាមពលរបស់ខ្លួនពីប្រទេសឡាវ វៀតណាម និងប្រទេសថៃ។
បច្ចុប្បន្ននេះ ប្រទេសកម្ពុជា បាននាំចូលថាមពលអគ្គិសនីប្រមាណ ៤៤៥ មេហ្គាវ៉ាត់ ពីប្រទេសឡាវ ខណ:ការជួញដូរថាមពលរវាងប្រទេសទាំងពីរ ត្រូវបានគេព្យាករថាអាចនឹងមានការកើនដល់ ៦០០០ មេហ្គាវ៉ាត់ នៅឆ្នាំ២០៣០ ខាងមុខ។
គួរឲ្យដឹងថា ជាមួយនឹងការដាក់ឲ្យដំណើរការខ្សែបណ្តាញបញ្ជូនថាមពលអគ្គិសនីថ្មី កម្លាំង ៥០០ គីឡូវ៉ុល ដែលតភ្ជាប់ពីស្ថានីយអគ្គិសនីនៅភូមិមួយ ក្នុងខេត្តចំប៉ាសាក់ភាគខាងត្បូងនៃប្រទេសឡាវ ទៅកាន់តំបន់ព្រំដែននៃប្រទេសកម្ពុជាកាលពីឆ្នាំមុន ទំនាក់ទំនងលើវិស័យថាមពលរវាងប្រទេសទាំងពីរ បានឈានដល់កម្រិតថ្មីមួយបន្ថែមទៀត។
ជម្រាបជូនទៀតផងដែរថា នៅឆ្នាំ២០៣០ ប្រទេសឡាវ ត្រូវបានគេរំពឹងថានឹងបង្កើតថាមពលអគ្គិសនីបន្ថែមដល់ ៥ ៥៥៩ មេហ្គាវ៉ាត់ ដោយក្នុងនោះ ៧៧.៥៩% នឹងបានមកពីប្រភពវារីអគ្គិសនី និងប្រភពថាមពលសេសសល់នឹងទទួលបាន ពីរោងចក្រថាមពលពន្លឺព្រះអាទិត្យ ខ្យល់ និងធ្យូងថ្ម៕