ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Phumtham Wechayachai កំពុងចេញដាក់ចេញផែនការជំរុញការនាំចេញអង្កររបស់ខ្លួនទ្រង់ទ្រាយធំ ដោយក្នុងនោះរួមបញ្ចូលទាំងកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ក្នុងការនាំចេញអង្ករចំនួន ១ លានតោន ជាមួយប្រទេសឥណ្ឌូនេស៊ី ក៏ដូចជា ១ លានតោនផ្សេងទៀត ជាមួយវិស័យឯកជន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
បច្ចុប្នន្ន លោក Phumtham កំពុងបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែមករា ដើម្បីចរចារលើការពង្រីកទីផ្សារអង្ករ ក៏ដូចជាជំរុញទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ និងស្វែងរកប្រភពនាំចូលអង្ករថ្មីៗ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។
គួរឲ្យដឹងថា ថៃជាប្រទេសនាំចេញអង្ករធំបំផុតទីពីររបស់ពិភពលោក បន្ទាប់ពីប្រទេសឥណ្ឌា។ ហើយក្រៅតែពីសហរដ្ឋអាមេរិក ប្រទេសថៃក៏កំពុងចរចារលក់អង្ករជាមួយប្រទេសផ្សេងទៀត រួមមានប្រទេសអ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងប្រទេសក្នុងតំបន់អាហ្វ្រិកមួយចំនួនទៀតផងដែរ។
ជុំវិញការដាក់ចេញផែនការថ្មីនេះ ប្រទេសថៃ មានបំណងចង់សម្រេចបានការនាំចេញអង្ករសរុបមិនតិចជាង ៨,៥ លានតោន នៅត្រឹមដំណាច់ឆ្នាំ២០២៤ នេះ។
ក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំ ២០២៣ ប្រទេសថៃ បាននាំចេញអង្ករសរុបចំនួន ៧,៩៤ លានតោន កើនឡើង ១៤,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ខណ:តម្លៃនៃការនាំចេញទាំងនេះ មានចំនួនសរុប ១៥៩,៥ពាន់លានបាត (៤,៦១ពាន់លានដុល្លារ) ពោលគឺបានកើនឡើង ២៨,៩% ។
ជម្រាបជូនផងដែរថា ទីផ្សារនាំចេញអង្ករកំពូលរបស់ថៃ គឺប្រទេសឥណ្ឌូនេស៊ីដែលមានចំនួន ១,២៧ លានតោន បន្ទាប់មកគឺប្រទេសអាហ្រ្វិកមានចំនួន ៨៧៦ ១៨៤ តោន អ៊ីរ៉ាក់ចំនួន ៨១៤ ៨០៥ តោន សហរដ្ឋអាមេរិកចំនួន ៦៤៨ ៩៤៦ តោន និងប្រទេសចិនចំនួន ៣៦៧ ២០៤ តោន៕