ក្រុមហ៊ុនខ្នាតយក្ស Google មានបំណងវិនិយោគនៅចក្រភពអង់គ្លេស ក្នុងទំហំទឹកប្រាក់ប្រហែល ១ពាន់លានដុល្លារ ជាមួយផែនការសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យនៅទីនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

មជ្ឈមណ្ឌលទិន្នន័យថ្មីរបស់ Google នឹងសាងសង់លើផ្ទៃដីទំហំ ១៣ហិកតា ដែលត្រូវបានទិញដោយក្រុមហ៊ុនអាមេរិកកាលពីឆ្នាំ២០២០ មានទីតាំងនៅក្នុងតំបន់ Waltham Cross ចំងាយត្រឹម ២៤គីឡូម៉ែត្រ ពីទីក្រុងឡុងដ៍។
ជាមួយគ្នា រដ្ឋាភិបាលអង់គ្លេសក៏បានលើកឡើងថា ការបណ្ដាក់ទុនដ៏ធំរបស់ក្រុមហ៊ុន Google គឺជាការជំរុញចិត្ត និងបង្កើនភាពជឿជាក់ ទៅកាន់ក្រុមហ៊ុនដទៃទៀត ដ្បិតបច្ចុប្បន្នអង់គ្លេស កំពុងព្យាយាមអូសទាញវិនិយោគិនមកបណ្ដាក់ទុន ជាពិសេសនៅលើវិស័យបច្ចេកវិទ្យា និង AI។
សូមរំលឹកបន្តិចថា នេះមិនមែនជាការបណ្ដាក់ទុនទ្រង់ទ្រាយធំដំបូងរបស់ Google នៅអង់គ្លេសឡើយ ពោលកាលពីឆ្នាំ២០២២ ក្រុមហ៊ុនខ្នាតយក្សអាមេរិកក៏ធ្លាប់បានទិញយកអគារការិយាល័យ នៅទីក្រុងឡុងដ៍ ក្នុងតម្លៃ ១ពាន់លានដុល្លារផងដែរ សម្រាប់ជាមូលដ្ឋានរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ DeepMind ផ្ដោតសំខាន់លើបច្ចេកវិទ្យា AI៕