មហាសេដ្ឋីអាមេរិក វិនិយោគ ២៥០លានដុល្លារ លើវិស័យថែទាំសុខភាព

អន្តរជាតិ

មហាសេដ្ឋីអាមេរិក លោក Michael Bloomberg មានបំណងវិនិយោគទឹកប្រាក់ ២៥០លានដុល្លារ សម្រាប់ការសាងសង់មជ្ឈមណ្ឌលថែទាំសុខភាព សហការណ៍ជាមួយសាលារៀនចំនួន ១០កន្លែង ដែលផ្ដោតសំខាន់លើការផ្ដល់ការងារក្នុងវិស័យថែទាំសុខភាព ដល់សិស្សបានបញ្ចប់ថ្នាក់វិទ្យាល័យទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The New York Times។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅពេលសិស្សានុសិស្សបានបញ្ចប់ថ្នាក់សិក្សា និងកម្មវិធីថែទាំសុខភាព ពួកគេនឹងទទួលបានក្រេឌីតបន្ថែម នៅពេលដាក់ពាក្យធ្វើការនៅវិស័យថែទាំសុខភាព ដូចជាលើជំនាញ​គិលានុបដ្ឋាក វេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ វិទ្យាសាស្ត្រមន្ទីរពិសោធន៍ រូបភាពវេជ្ជសាស្ត្រ និងការវះកាត់ជាដើម។

កម្មវិធីថ្មីនេះ នឹងបង្កើនឱកាសការងារបន្ថែមដល់ប្រជាពលរដ្ឋនៅអាមេរិក ដ្បិតបើសិនជាសិស្សានុសិស្សទាំងនោះ មិនបន្តការសិក្សានៅសកលវិទ្យាល័យ ពួកគេអាចមានជម្រើសធ្វើការពេញម៉ោងស្រាប់ ទៅតាមមុខជំនាញដែលបានរើស នៅតាមមន្ទីរពេទ្យ និងក្រុមហ៊ុននានា ដែលជាដៃគូសហការណ៍ ជាមួយគម្រោងមួយនេះ។

សូមជម្រាបដែរថា កម្មវិធីនេះត្រូវបានផ្ដួចផ្ដើមឡើងដោយមហាសេដ្ឋី Michael Bloomberg ដោយផ្សារភ្ជាប់រវាងមន្ទីរពេទ្យ និងសាលារៀននៅក្នុងទីក្រុងចំនួន ១០ដូចជា ទីក្រុង New York Philadelphia, Nashville, Houston, Dallas, Charlotte, Durham, Tennessee, Alabama និងទីក្រុង Boston។

ជាមួយគ្នា អភិបាលក្រុង Boston លោកស្រី Michelle Wu ក៏បានសង្កត់ធ្ងន់ថា ផែនការរបស់មហាសេដ្ឋីអាមេរិករូបនេះ នឹងកែប្រែស្ថានភាពសង្គមឲ្យកាន់តែល្អប្រសើរ ពោលគឺធ្វើឲ្យវណ្ណៈកណ្ដាលមានភាពរឹងមាំ និងស្ថិរភាពជាងមុន នៅក្នុងទីក្រុង Boston ដែលជាទីក្រុងមានការចំណាយខ្ពស់បំផុតមួយនៅសហរដ្ឋអាមេរិក៕