អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ NATO កំពុងត្រៀមខ្លួនបើកសមយុទ្ធយោធាខ្នាតយក្សមិនធ្លាប់មាន ក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ ជាមួយចំនួនកងទ័ពប្រហែល ៩០ ០០០នាក់។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Xinhua។

សមយុទ្ធយោធាមួយនេះ នឹងត្រូវឲ្យឈ្មោះថា Steadfast Defender 2024 ដែលនឹងត្រូវចាប់ផ្ដើមការហ្វឹកហាត់ពីសប្ដាហ៍ក្រោយ រហូតដល់ខែឧសភាឯណោះ ខណៈសមាជិកអង្គការណាតូទាំង ៣១ប្រទេស រួមជាមួយប្រទេសស៊ុយអែត ក៏មានវត្តមាននៅក្នុងសមយុទ្ធយោធានេះផងដែរ។
ជាមួយគ្នា សារព័ត៌មាន Reuters ក៏បានរាយការណ៍បន្ថែមថា ក្រៅពីចំនួនកងទ័ពរាប់ម៉ឺននាក់ ក៏នៅមាននាវាចំបាំងច្រើនជាង ៥០គ្រឿង យន្តហោះចំបាំង ៨០គ្រឿង រថក្រោះ ១៣៣គ្រឿង យានយន្តចំបាំងយ៉ាងហោចណាស់ ១ ១០០គ្រឿង និងយានប្រយុទ្ធថ្មើជើង ៥៣៣គ្រឿងថែមទៀត សម្រាប់ការហាត់សមដ៏ធំសំបើមរបស់ NATO ក្នុងឆ្នាំនេះ។
គួររំលឹកដែរថា អង្គការ NATO បានបញ្ជាក់ច្បាស់ៗថា សមយុទ្ធយោធាទ្រង់ទ្រាយធំបែបនេះ ធ្លាប់កើតមានតែ ២ដងគត់ ពោលលើកដំបូងកើតឡើងក្នុងឆ្នាំ១៩៨៨ អំឡុងពេលសង្គ្រាមត្រជាក់ គឺសមយុទ្ធយោធា Reforger ដោយមានកងទ័ពចូលរួម ១២៥ ០០០នាក់ ខណៈលើកទី២ គឺសមយុទ្ធយោធា Trident Juncture កើតឡើងក្នុងឆ្នាំ២០១៨ ក្រោមការចូលរួមពីកងទ័ព ៥០ ០០០នាក់៕