ការនាំចេញទំនិញរបស់សិង្ហបុរី ធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ២០០១

អន្តរជាតិ

យោងតាមសហគ្រាសសិង្ហបុរី (EnterpriseSG) បានរាយការណ៍ថា ការនាំចេញទំនិញមិនគិតបញ្ចូលផលិតផលប្រេង (NODX) របស់ប្រទេសសិង្ហបុរី បានធ្លាក់ចុះ ១,៥% គិតត្រឹមខែធ្នូ ឆ្នាំ២០២៣ ដោយសារតែភាពទន់ខ្សោយនៃការដឹកជញ្ជូនគ្រឿងអេឡិចត្រូនិក និងកំណើនយឺតនៃឱសថ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការធ្លាក់ចុះ ១,៥% នៃទំនិញមិនគិតបញ្ចូលទាំងផលិតផលប្រេង​​ (NODX) កាលពីឆ្នាំមុននេះ បានទាញទម្លាក់លទ្ធផលនៃការនាំចេញពេញមួយឆ្នាំរបស់សិង្ហបុរី មកនៅត្រឹម ១៣,១% ប៉ុណ្ណោះ ក្នុងឆ្នាំ២០២៣ ដែលជាកម្រិតដ៏អាក្រក់បំផុតរបស់ខ្លួនមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ២០០១ មក។

ទិន្នន័យពីសហគ្រាសសិង្ហបុរី បានបង្ហាញឲ្យដឹងទៀតថា ការនាំចេញគ្រឿងអេឡិចត្រូនិករបស់ខ្លួន បានធ្លាក់ចុះ ១១,៧% នៅក្នុងខែធ្នូ បើធៀបនឹងឆ្នាំ២០២២ ពោលគឺមានភាពប្រសើរឡើងបន្តិច បន្ទាប់ពីមានការធ្លាក់ចុះដល់ ១២,៨% នៅក្នុងខែវិច្ឆិកា។ ការនាំចេញគ្រឿងអេឡិចត្រូនិកដែលបង្កើតបានប្រហែលមួយភាគប្រាំនៃ NODX របស់សិង្ហបុរី បានធ្លាក់ចុះ ១៧ខែជាប់ៗគ្នារួចមកហើយ។

ជម្រាបជូនផងដែរថា ទីផ្សារ​កំពូល​ទាំង​១០ ​របស់​សិង្ហបុរី​ មានដូចជាតៃវ៉ាន់ សាធារណរដ្ឋ​កូរ៉េ និង​ជប៉ុន សុទ្ធសឹងតែបានបង្ហាញពីការធ្លាក់ចុះ។ ប៉ុន្តែការនាំចេញទៅកាន់ប្រទេសចិន ហុងកុង សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក នៅក្នុងខែធ្នូ មានកំណើនបន្តិច បន្ទាប់ពីការនាំចេញទៅកាន់សហភាពអឺរ៉ុបកើនឡើង ៨,៦% ដែលផ្ទុយពីស្រឡះកាលពីខែវិច្ឆិកា ឆ្នាំមុន ដែលមានការធ្លាក់ចុះ ២១,៧%៕